តំបន់កៀនស្វាយ ក្លាយជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិបៃតងខ្នាតធំ
រមណីយដ្ឋានបែបធម្មជាតិបៃតង នៅតាមដងទន្លេរមេគង្គក្រោម ដែលស្ថិតក្រោមការវិនិយោគពីក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើផ្ទៃដីទំហំជាង ១៤ ហិកតា បានប្រកាសបើកឱ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩នេះ ដែលមានទីតាំងនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោក លី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប បានថ្លែងនៅក្នុងពិធីបើក ដំណើរការជាផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ក្នុងដំណាក់កាលទី១ថា មជ្ឈមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែបអេកូឡូស៊ី ដែលរួមមានទាំងសួនកម្សាន្តកុមារ រមណីយដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និង មាន បង្ហាញនូវ ផ្ទាំងសិល្បៈគំនូរលើជញ្ជាំង ប្រវែង១គីឡូម៉ែត្រ ដែលជាគំនូរជញ្ជំងដ៏វែងជាងគេ នៅក្នុងតំបន់អាស៊ីផងដែរ។ លោកបានបន្តថា មជ្ឈមណ្ឌលកម្សាន្តថ្មីនេះនឹងអាចចូលរួម ចំណែកឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់សម្រាក ជាពិសេសទេសចរចិន ដែលកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា ។
លោក លី មីន បានលើកឡើងទៀតថា ក្នុងដំណាក់កាលទី១នេះ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បានបើកដំណើរការនូវ ឧទ្យានធំៗចំនួន៥ ដូចជាសួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និង ឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងផ្តល់ជូន អតិថិជនជាពិសេសនូវបទពិសោធន៍សេវាកម្ម ដ៏សម្បូរបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហ្គោល VRដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និង បរិក្ខារឧទ្យានកម្សាន្តនានា ជាច្រើនផ្សេងទៀត។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និង អន្តរជាតិ ពិសេស ភ្ញៀវទេសចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់ ២ លាននាក់ បន្ថែមពីនោះ រាជធានីភ្នំពេញ និង ខេត្តសក្ដានុពលកម្ពុជាផ្សេងទៀត បាន និង កំពុងរៀបចំ និងអភិវឌ្ឍន៍រមណីយដ្ឋាន បែបវប្បធម៌ និងធម្មជាតិ ដើម្បីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក។ លោកជំទាវបានបន្តថា “យើងចង់ឃើញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា មិនត្រឹម តែទស្សនាត្រឹមតែ ប្រាង្គប្រាសាទប៉ុណ្ណោះទេ តែយើងគួររៀបចំយ៉ាងណាឱ្យមានកន្លែង កម្សាន្តថ្មីៗឱ្យបានច្រើន ដើម្បីអាចទាញចំណូលឱ្យបានច្រើនពីវិស័យទេសចរណ៍”។
មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងនៅជាប់បណ្ដោយ មាត់ទន្លេ មេគង្គក្រោម ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះ សាងសង់ឡើងនៅលើផ្ទៃដីទំហំជាង ១៤ ហិកតា៕
ដោយ៖សុថាត់