កំពូលភ្នំ ២ នៅកម្ពុជា អាចមើលឃើញផ្កាយកាឡាក់ស៊ីរាប់ពាន់ដួង កំពុងល្បីដល់បរទេស
រឿងដ៏អស្ចារ្យមួយដែលកើតមាននៅកម្ពុជាជាយូរណាស់មកហើយ ប៉ុន្តែហាក់មិនទាន់មានភាពល្បីសុះសាយនៅឡើយ នោះគឺការមើលឃើញកាឡាក់ស៊ី ឬ កញ្ចុំផ្កាយរាប់ពាន់លានដួង ដែលរះនៅអវកាសពីលើកំពូលភ្នំបូកគោ និង លើកំពូលភ្នំឱរ៉ាល់ ។
តាមរយៈការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជជែកសំណេះសំណាលការងារជាមួយលោក ស្រ៊ុន សុភា ជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់សៀមរាប-អង្គរ មួយរូបដែលជាមគ្គុទ្ទសក៏យ៉ាងស្ទាត់ជំនាញក្នុងការ ដើរជាមួយភ្ញៀវទេសចរធំៗនៅលើនាវាទេសចរណ៍ធំៗតាមដងទន្លេមេគង្គ ហើយលោក សុភា បាននាំដំណឹងអំពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរធំៗ ទៅលើការទស្សនាកាឡាក់ស៊ីពីលើភ្នំបូកគោ នៅខេត្តកំពត និង នៅលើកំពូលភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
បើតាមលោក សុភា រឿងដ៏អស្ចារ្យមួយនេះបានកើតមាននៅកម្ពុជាជាយូរណាស់មកហើយដែលអ្នកស្រាវជ្រាវវិទ្យាសាស្ត្រខ្លះបានដឹង តែហាក់មិនទាន់មានភាពល្បីសុះសាយនៅឡើយ លោកថាការមើលឃើញកញ្ចុំផ្កាយកាឡាក់ស៊ី រាប់ពាន់លានដួងដែលរះនៅអវកាស គេអាចមើលឃើញតែពីរកន្លែងប៉ុណ្ណោះ គឺលើកំពូលភ្នំបូកគោ ម្តុំវាលស្រែមួយរយ និង លើកំពូលភ្នំឱរ៉ាល់ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និង អច្ឆរិយៈដ៏ល្អមួយសម្រាប់កម្ពុជា ដែលនេះគឺជាផលិតផលទេសចរណ៍ថ្មី ១ ដ៏ទាក់ទាញ ។
លោក ស្រ៊ុន សុភា បានឱ្យដឹងថា ភ្ញៀវបានប្រាប់លោកថា កាឡាក់ស៊ីនោះវាជាផ្កាយបញ្ចេញពណ៌ចម្រុះនាពេលរាត្រី ស្ថិតនៅផ្តុំគ្នារហូតដល់រាប់ពាន់លានផ្កាយ ។ ជាទូទៅមានតែតំបន់ប៉ូលទេ ទើបគេអាចមើលផ្កាយចម្លែកនេះ ដោយកាមេរ៉ាពិសេស ប៉ុន្តែបែរជានៅកម្ពុជាមានវាសនាអាចមើលឃើញ និង អាចថតរូបបានដូចនៅតំបន់ប៉ូលដែរ ។
លោក សុភា បានបញ្ជាក់ថា នៅចន្លោះខែមករា ដល់ ខែឧសភា ផ្កាយនេះរះក្នុងចន្លោះម៉ោង ២ ភ្លឺដល់ម៉ោង ៤ ភ្លឺ ។ រីឯពី ខែមិថុនា ដល់ ខែធ្នូ វារះក្នុងចន្លោះពីម៉ោង ៩ យប់ ដល់ម៉ោង ១២ កណ្តាលអធ្រាត្រ និង រះនៅទិសអាគ្នេយ៍តែមួយគត់ ។ បើតាមក្រុមតារាសាស្រ្តបានប៉ាន់ស្មានថា បណ្ដុំផ្កាយមីលគីវេនេះមានអាយុកាលជាង ១៣,២ ពាន់លានឆ្នាំ កន្លងមកហើយ ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា នេះជាអច្ឆរិយភាពមួយទៀតរបស់ប្រទេសកម្ពុជា ដែលទីតាំងដ៏ល្អនេះ មិនងាយមានប្រទេសណាផ្សេងចេះតែមាននោះទេ ប៉ុន្តែប្រទេសកម្ពុជាពិតជាទីតាំងដ៏ល្អ សម្រាប់ទស្សនាកញ្ចុំផ្កាយ ឬកាឡាក់ស៊ី នេះ ។
មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមសាកល្បងទៅទស្សនានូវទស្សនីយភាពដ៏អច្ឆរិយនេះឱ្យបានច្រើនកុះករ ហើយក៏សូមអំពាវនាវ អោយក្រុមហ៊ុនសុខាបូកគោ រៀបចំសម្បទានទេសចរឱ្យបានល្អសមរម្យ គ្របគ្រាន់នៅចំណុចគោលដៅទេសចរណ៍នោះដើម្បីបំរើសំណូមពរដល់ទេសជាតិ និង អន្តរជាតិ ៕
អត្ថបទ ៖ រាជ
រូបភាព ៖ ក្រសួងទេសចរណ៍