សៀមរាបគំនិតច្នៃប្រឌិតសាហាវ ! ក្រៅពីពាងដាក់ទឹកជះគ្នាលេង មានកម្មវិធីពិសេសៗល្អផ្ដាច់គេ
ជាការអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ ២០១៩ រយៈពេលបីថ្ងៃ គឺថ្ងៃទី ១៤, ១៥, ១៦ ខែ មេសា ឆ្នាំ ២០១៩ នៅតំបន់សួនច្បារព្រះរាជដំណាក់ខេត្តសៀមរាបខាងមុខនេះ ។ នេះជាព្រឹត្តិការណ៍មួយទៀត បន្តពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដើមី្បរឹតនូវចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិខ្មែរ និង ប្រជាជាតិលើសកលលោក ។ ម៉្យាងទៀតក៏បានផ្តល់ ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានធ្វើការស្វែងយល់ អំពីភាពរុងរឿង និង លី្បល្បាញ ភាពដ៏សម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សាសនា នាសម័យមហានគរ មកដល់បច្ចុប្បន្ន និង បានបន្តថែរក្សាកេរ្តិ៍មរតឲ្យបានគង់វង្ស និង បន្តពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។
ព្រឹត្តិការណ៍នេះក៏មានការរៀបចំ ភូមិអាហារនៃក្តីស្រឡាញ់ និង រៀបចំតាំងបង្ហាញអំពីការត្បាញក្រម៉ា និង ផលិតផលស្នាដៃស្ត្រីខ្មែរ ដែលកើតចេញពីកម្លាំងប្រាជ្ញារបស់បងប្អូនស្ត្រីខ្មែរ ។ ក្រៅពីតំបន់ទាំងនេះ បងប្អូនអាចចូលរួមលេងកម្សាន្តសប្បាយ និង ទស្សនានូវការសម្តែងផ្ទាំងទស្សនីភាព សិល្បៈរបាំបុរាណខ្មែរ និង ល្បែងប្រជាប្រិយ៍ផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការសាងសង់លំនៅដ្ឋានតាមបែបពីបុរាណកាល ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌របស់ប្រជាជនខ្មែរនាសម័យអង្គរ ។ ម៉្យាងទៀត ខេត្តក៏បានរៀបចំសោភណ្ឌភាពក្នុងក្រុង ដើម្បីធ្វើការទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនាកម្សាន្ត នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមាននៅក្នុងខេត្តសៀមរាប ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាលរដ្ឋទាំងអស់ចូលរួមបាច្រើនកុះករ ដើម្បីឱ្យព្រឹត្តិការណ៍នេះមានភាពអធិបអធម ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម គោរពច្បាប់ចរាចរណ៍ ថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ នៅជុំវិញទីកន្លែងប្រារព្ធពិធី ៕
អត្ថបទ ៖ រាជ
ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប