បើចង់ទស្សនាសត្វស្លាប កុំភ្លេចទៅទស្សនានៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង
តំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំងនៅខេត្តសៀមរាបមានការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងខ្លាំង ដែលមានមនុស្សម្នាទៅទស្សនារាប់រយ រាប់ពាន់នាក់ ជារៀងរាល់ថ្ងៃ ។
តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង ស្ថិតនៅតាមជម្រាលនៃទំនាបលិចទឹកបឹងទន្លេសាប ភាគខាងត្បូងទីរួមខេត្តសៀមរាប ប្រមាណជាង ១០ គីឡូម៉ែត្រ ពោលគឺស្ថិតក្នុងសង្កាត់ជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប ។
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងបានឱ្យដឹងថា ក្រៅពីសកម្មភាព ទប់ស្កាត់ ការពារបទល្មើសជលផល ការពារព្រៃលិចទឹក និង ការពារហ្វូងសត្វស្លាបទឹកក្នុងតំបន់បឹងពារាំងនេះ សហគមន៍មានគោលដៅប្រែក្លាយតំបន់នេះឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែនៅតំបន់នោះមានសក្តានុពលធម្មជាតិអំណោយផលស្រាប់ ។
បឹងពារាំងជាបឹងធម្មជាតិមួយ ដែលសម្បូរធនធានធម្មជាតិ ដូចជាមច្ឆាជាតិ សត្វស្លាប និង ជីវៈចម្រុះ ដែលត្រូវបានថែរក្សាការពារយ៉ាងខ្លំាងពីសហគមន៍។ បច្ចុប្បន្ននេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិជាច្រើនបានចាប់អារម្មណ៍ ហើយបានទៅទស្សនាតំបន់នេះយ៉ាងច្រើន ៕
ដោយ៖សុថាត់