កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ នៅប្រទេសថៃកំពុងតែផ្ទុះផ្អើលករណីព្រះសង្ឃជាចៅអធិការវត្តល្បីមួយអង្គ ត្រូវបានប៉ូលិសចាប់ខ្លួន ទាក់ទងនឹងការលួចលុយរបស់វត្តជាង ៣០០ លានបាត ដែលស្មើប្រមាណជាង ៩ លានដុល្លារអាមេរិក ទៅលេងល្បែងភ្នាល់អនឡាញ។

ព្រះសង្ឃអង្គនេះមានឈ្មោះថា Yaem Kittintharo ជាចៅអធិការវត្ត Rai Khing នាខេត្ត Nakhon Pathom ត្រូវអាជ្ញាធរពាក់ព័ន្ធរួមមានខាងការិយាល័យព្រះពុទ្ធសាសនាជាតិ នាយកដ្ឋានកិច្ចការសាសនា និង មន្រ្តីប៉ូលិស ឃាត់ខ្លួនមកសួរនាំ ក្រោយពីសង្ស័យថាព្រះសង្ឃអង្គនេះមានពាក់ព័ន្ធជាមួយនឹងករណីលួចលុយពីបញ្ជីធនាគាររបស់វត្តជាង ៣០០ លានបាត ដើម្បីទៅល្បែងភ្នាល់អនឡាញ។

យ៉ាងណាមិញ ក្រោយពីបានឃាត់ខ្លួនរួច ព្រះសង្ឃអង្គនេះត្រូវបានគេបង្ខំឱ្យសឹកដោយខ្លួនឯង រួចទើបធ្វើការសួរនាំចម្លើយ ដោយក្រោយមកក៏បានសារភាពថាខ្លួនពិតជាបានផ្ទេរលុយពីបញ្ជីធនាគាររបស់វត្តទៅកាន់បញ្ជីធនាគាររបស់ខ្លួនពិតមែនកាលពីឆ្នាំ ២០២១ កន្លងទៅ ហើយក៏បានបន្តផ្ញើទៅឱ្យភ្នាក់ងារល្បែងអនឡាញ ២ រូបទៀតផងដែរ។ ដោយឡែក ភ្នាក់ងារល្បែងអនឡាញទាំង ២ នាក់ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនមកសួរនាំ ចំណែកអតីតចៅអធិការវត្តរូបនេះ ក៏ត្រូវបានគេឃុំខ្លួន ដើម្បីស៊ើបសួរស្រាវជ្រាវបន្ត៕




ប្រភព៖ AMARINTV