នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា នៅវេលាម៉ោង ០៨:០០ នាទីព្រឹក ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ នៅទីតាំងវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងមានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្តឱ្យដឹងថា ដើម្បីឱ្យមហាសន្និបាតខាងលើប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ ស្ពានអាកាសក្បាលថ្នល់ និង បរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង ០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើទៅតាមកាលបរិច្ឆេទកំណត់ ខណៈផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖