មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីយុវតីមួយរូប បានចែករំលែកមេរៀនជូនទៅកាន់មិត្តនារីៗ បន្ទាប់ពីខ្លួនបានជួបរឿងនឹកស្មានមិនដល់ ដោយត្រូវគេដាក់ថ្នាំនៅ Pub មួយកន្លែង បណ្ដាលឱ្យបាត់បង់ស្មារតី រហូតចូល ICU នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅយប់ថ្ងៃទី ២១ ឈានចូលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីដែលមានឈ្មោះ Mo NiTaa ដែលមានឈ្មោះពិត ដែន សុនីតា ភេទស្រី អាយុ ២៣ ឆ្នាំ បានរៀបរាប់រឿងរ៉ាវ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា ៖ «ខ្ញុំសូមផ្តាំទៅមនុស្សស្រីទាំងអស់គ្នា មិនថាពេលណាក៏អាចកើតឡើងបាន វេលាម៉ោងប្រហែល ១០ យប់ នាងខ្ញុំនៅញ៉ាំអី នៅ pub មួយកន្លែង បន្ទាប់ពីចប់ការងារជាមួយបង និង ពួកម៉ាកខ្ញុំ ហើយខ្ញុំក៏បានទៅបន្ទប់ទឹក (មិនទាន់បានសេពគ្រឿងស្រវឹងទេ បញ្ជាក់) បន្ទាប់មកក៏មានមនុស្សម្នាក់យកអ្វីមិនដឹងដាក់ឱ្យខ្ញុំ ៣ នាទីក្រោយមក នាងខ្ញុំដកដង្ហើមមិនដល់គ្នា វិលមុខក្អួតរហូតសន្លប់បាត់ស្មារតីចំនួន 4 ម៉ោង ហើយក៏ចូល ICU រហូតដឹងខ្លួនវិញ»។
យុវតីរូបនេះ បានបន្ថែមឱ្យដឹងថា ៖ «គ្រូពេទ្យបានសន្និដ្ឋានថា ត្រូវថ្នាំគេ ថ្នាំជាប្រភេទថ្នាំដែលមនុស្សស្រីទន់ខ្សោយ ប៉ះទៅនឹងសន្លប់ មិនដឹងខ្លួន។ នេះជាលើកទីមួយ ហើយក៏ជាសារដាស់តឿនដល់មិត្តនារីគ្រប់គ្នា សំណាងខ្ញុំមានមិត្តនៅក្បែរបើអត់ ខ្ញុំអាចស្លាប់»៕