អ្នកវិទ្យាសាស្ត្រ គ្រោងបង្ហោះឆត្រយក្សលើអវកាស ឱ្យបាំងព្រះអាទិត្យដើម្បីបន្ថយកម្ដៅលើផែនដី
ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក មានគម្រោងចង់បង្ហោះឆត្រយក្សទៅលើទីអវកាស នៅចន្លោះភពផែនដី និង ព្រះអាទិត្យ ដើម្បីបញ្ចៀសវិទ្យុសកម្មពីការឡើងកម្ដៅភពផែនដី។
ជាការពិតណាស់ ភពផែនដីរបស់យើង កំពុងស្ថិតក្នុងសម័យកាលដែលក្ដៅបំផុតក្នុងប្រវត្តិសាស្ត្រ ហើយមនុស្សកំពុងតែស្វែងរកវិធីសាស្ត្រ ដើម្បីការពារការឡើងកម្ដៅផែនដី។ ក្នុងនោះដែរ ក្រុមតារាវិទូ និង រូបវិទូ បានដាក់ស្នើគំនិតបែបវិទ្យាសាស្ត្រដ៏មានសក្ដានុពលមួយ ដោយប្រើប្រាស់ឆត្រយក្សបង្ហោះលើទីអវកាស។ គំនិតរបស់ពួកគេនេះដែរ គឺបំណងបង្កើតរបាំងព្រះអាទិត្យ ដោយបង្ហោះវាទៅក្នុងចំណុចរវាងភពផែនដី និង ព្រះអាទិត្យ ដើម្បីបិទបាំងផ្នែកតូចមួយនៃវិទ្យុសកម្ម ដែលគ្រប់គ្រាន់នឹងអាចទប់ទល់បញ្ហាឡើងកម្តៅផែនដីបាន។
តាមក្រុមអ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា ផ្ទាំងឆត្រដែលពួកគេគ្រោងនឹងធ្វើនោះ គឺត្រូវការមានទំហំប្រមាណ ២.៦ លានគីឡូម៉ែត្រការ៉េ ស្មើនឹងទំហំផ្ទៃដីនៃប្រទេសអាហ្សង់ទីន។ របាំងការពារនេះដែរ អាចមានទម្ងន់យ៉ាងហោចណាស់ ២.៥ លានតោន ដែលទម្ងន់នេះគឺធ្ងន់ខ្លាំងរហូតមិនអាចបង្ហោះលើអវកាសបានឡើយ។ ដូច្នេះហើយ គម្រោងរបស់ពួកគេ គឺនឹងរួមបញ្ចូលរបាំងតូចៗមួយចំនួន ដែលមិនអាចបិទបាំងពន្លឺព្រះអាទិត្យបានទាំងស្រុងមែន ប៉ុន្តែអាចបញ្ចេញត្រឹមស្រមោលៗនៅលើផែនដី។
បើតាម Futurism ដែលចេញផ្សាយកាលពីថ្ងៃទី ០៣ ខែកុម្ភៈ កន្លងទៅ ក្រុមអ្នកវិទ្យាសាស្ត្រ គឺត្រៀមខ្លួនរួចស្រេចក្នុងការសាងសង់របាំងដែលមានទំហំធំជាង ៩.៣ ម៉ែត្រការ៉េ ក្នុងតម្លៃប្រមាណ ១០ ទៅ ២០ លានដុល្លារ៕