ចង់ដឹងទេថា រថយន្ត SUV ដ៏ពេញនិយមទាំង ៤ ម៉ូឌែលនេះ មានលក្ខណៈពិសេសអ្វីខ្លះ?
រថយន្តប្រភេទ SUV គឺជារថយន្តដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដោយសារតែតម្លៃសមរម្យ និង មានដំណើរការបើកបរដ៏ល្អសម្រាប់ការប្រើប្រាស់ជាប្រចាំរបស់ម្ចាស់រថយន្ត។ ពួកគេផ្តល់នូវភាពធំទូលាយល្អ និង មានកម្ពស់ពីដីខ្ពស់ ដែលល្អប្រសើរសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ និង ធ្វើឱ្យវាក្លាយជាជម្រើសល្អសម្រាប់គ្រួសារ និង ដំណើរកម្សាន្តបែបផ្សងព្រេង។
រថយន្តប្រភេទ SUV បានរួមបញ្ចូលគ្នានូវភាពចាំបាច់នៃតម្រូវការសម្រាប់អ្នកប្រើប្រាស់ ដែលត្រូវការការធ្វើដំណើរច្រើនជាមួយនឹងលក្ខណៈពិសេសរបស់រថយន្ត ដើម្បីផ្តល់នូវភាពស័ក្តិសមសម្រាប់ការបើកបរក្នុងទីក្រុង និង ដំណើរផ្សងព្រេងតាមខេត្ត ជាដើម។ រថយន្តប្រភេទ SUV ជាច្រើនដែលបានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជា ក៏ប៉ុន្តែវាមានតែម៉ូឌែលមួយចំនួនប៉ុណ្ណោះដែលកំពុងពេញនិយម និង មានតម្លៃសមរម្យល្អ។ រថយន្ត SUV ទាំង ៤ ខាងក្រោមនេះ ជាប្រភេទរថយន្តដូចគ្នា ក៏ប៉ុន្តែវាមានភាពខុសគ្នាត្រង់ចំណុចមួយចំនួនដែលអ្នកទិញទាំងអស់អាចមើលលម្អិតខាងក្រោម ៖
១. Ford Territory Titanium X
Ford Territory Titanium X ជាម៉ូដែលកំពូលនៃត្រកូល Ford Territory ហើយវាផ្តល់ជូនក្នុងតម្លៃ $48,900 ជាមួយនឹងការធានារថយន្តរយៈពេល ៣ ឆ្នាំ ឬ 100,000Km។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost បួនស៊ីឡាំងដែលផ្តល់កម្លាំង 163PS និង កម្លាំងរមួល 250Nm។ រថយន្ត Ford Territory ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មី និង មុខងារសុវត្ថិភាពដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលស្វែងរករថយន្តប្រភេទ SUV ស៊េរីថ្មី និង មានផាសុកភាព។ វាមានទំហំធំស្តង់ដារប្រវែងបណ្តោយ 4,630mm ទទឹង 1,935mm កម្ពស់ 1,706mm និង គម្លាតពីកង់មុខទៅកង់ក្រោយរបស់វាគឺ 2,726mm ដែលជាទំហំដ៏ល្អសម្រាប់គ្រួសាររបស់អ្នក។ ក៏ប៉ុន្តែវាមានទំហំឃ្លុបក្រោយត្រឹមតែ 448L ដែលទំហំនេះគឺមានកំណត់សម្រាប់ការផ្ទុកសម្ភារផ្សេងៗនៅពេលអ្នកធ្វើដំណើរ។
២. MG RX5 ស៊េរីថ្មីឆ្នាំ 2024
MG RX5 ស៊េរីថ្មីឆ្នាំ 2024 បានផ្តល់នូវតម្លៃកាន់តែទាក់ទាញដល់អ្នកទិញក្នុងតម្លៃចាប់ពី $36,888 ហើយរថយន្តនេះបានរចនាឡើងវិញថ្មីទាំងស្រុងជាមួយនឹងការអាប់ដេតកាន់តែទាន់សម័យ ព្រមទាំងផ្តល់នូវដំណើរការល្អពីម៉ាស៊ីនរបស់វាទំហំ 1.5T តួបួ ៤ ស៊ីឡាំងដែលផ្តល់កម្លាំងរហូតដល់ 171hp និង កម្លាំងរមួល 275Nm។ បើនិយាយពីវិមាត្រនៃរថយន្តនេះវិញ MG RX5 ស៊េរីថ្មីនេះមានប្រវែងស្តង់ដារ 4,571mm នៃប្រវែងបណ្តោយ, ទទឹង 1,355mm, កម្ពស់ 1,718mm និង គម្លាតពីកង់មុខទៅកង់ក្រោយប្រវែង 2,700mm ហើយចំណែកឃ្លុបក្រោយវិញមានទំហំរហូតដល់ 595L ហើយវាពិតជាធំជាងឃ្លុបក្រោយ Toyota Yaris និង Ford Territory ដែលធ្វើឱ្យអ្នកអាចរក្សាទុករសម្ភារបានច្រើន ហើយជាពិសេសវាភ្ជាប់មកជាមួយទ្វារឃ្លុបក្រោយអូតូកាន់តែងាយស្រួល និង ទំនើប។ ចំណុចពិសេសមួយទៀតសម្រាប់ MG RX5 គឺការធានារហូតដល់រយៈពេល ៥ ឆ្នាំ ឬ 150,000Km។ រថយន្ត MG RX5 ពិតជាលេចធ្លោជាមួយនឹងការរចនាយ៉ាងទូលំទូលាយ និង មានដំណើរការម៉ាស៊ីនខ្លាំង ដែលបានធ្វើឱ្យម៉ូឌែលនេះក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញនៅក្នុងទីផ្សារ។
៣. Toyota Yaris Cross
Toyota Yaris Cross គឺជាប្រភេទ SUV ថ្មីដែលមានតម្លៃ $37,500។ វាបានចូលមកក្នុងត្រកូល SUV ដែលមានទំហំល្មមមិនតូចមិនធំ ដែលស្ថិតក្នុងចន្លោះនៃដៃគូប្រកួតប្រជែងរបស់ខ្លួនគឺ MG RX5 Reborn និង Ford Territory ។ រថយន្ត Toyota Yaris Cross ផ្តល់នូវកម្លាំង 105hp និង កម្លាំងរមួល 138Nm ដែលវាមានទំហំម៉ាស៊ីន 1.5L ៤ ស៊ីឡាំង។ រថយន្តនេះក៏បានភ្ជាប់មកជាមួយនូវការរចនាដ៏ស្រស់ស្អាតផងដែរ បើទោះបីជាទំហំតូចជាង RX5 និង Territory ដោយមានប្រវែងបណ្តោយ 4,310 mm, ទទឹង 1,770 mm និងកម្ពស់ 1,620 mm។ គម្លាតពីកង់មុខទៅកង់ក្រោយរបស់រថយន្តនេះមានប្រវែង 2,620mm ហើយវាមានទំហំឃ្លុបក្រោយ 397L។ Toyota ក៏បានផ្តល់នូវការធានារយៈពេល ៣ ឆ្នាំ ឬ 100,000Km ផងដែរ។
4. Hyundai
Hyundai ក៏បានដាក់លក់នូវរថយន្ត SUV របស់ខ្លួនដែលជាមួយម៉ូដែល Tucson របស់ពួកគេដែលមានតម្លៃ $46,000 ហើយពួកគេបានរកឃើញថា ម៉ូឌែលនេះគឺពិតជាល្អក្នុងតំណែង SUV ដែលពួកគេអាចចូលរួមក្នុងការប្រកួតប្រជែងលើទីផ្សាររបស់ខ្លួនបាន។ រថយន្តនេះមានប្រវែងបណ្តោយ 4,630mm, ទទឹង 1,865mm, កម្ពស់ 1,665mm និង គម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,755mm។ អំពីដំណើរការម៉ាស៊ីនវិញ រថយន្ត Hyundai Tucson បានបំពាក់ដោយម៉ាស៊ីនទំហំ 2.0L ដែលផ្តល់កម្លាំង 156PS និង កម្លាំងរមួល 19.6Kg ដូច្នេះលោកអ្នកអាចមានថាមពលគ្រប់គ្រាន់ក្នុងការបើកបរ និង ផាសុកភាព។ សម្រាប់អ្នកបើកបរ និង អ្នករួមដំណើរវិញគឺថាទទួលបានបទពិសោធថ្មីជាមួយនឹងផ្នែកខាងក្នុងធំទូលាយ និង ពណ៌ដ៏ស្រស់ស្អាត។ ក្រុមហ៊ុនក៏បានផ្តល់នូវការធានារយៈពេល ៣ ឆ្នាំ ឬ 100,000Km សម្រាប់ម៉ូឌែល Hyundai Tucson ផងដែរ។
ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរករថយន្តប្រភេទ SUV សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ហើយទទួលបានរថយន្តដែលមានភាពប្រណីត និង កម្លាំងខ្លាំង ក៏ប៉ុន្តែមិនចង់ចំណាយប្រាក់ច្រើនលើតម្លៃរថយន្ត នោះរថយន្ត MG RX5 នឹងក្លាយជាមធ្យោបាយដ៏ល្អមួយក្នុងផ្នែករថយន្ត SUV និង ជម្រើសដំបូងគេ។ ក៏ប៉ុន្តែលោកអ្នកក៏នឹងទទួលបានរលកថ្មីនៃរថយន្តប្រភេទ SUV នៅប្រទេសកម្ពុជាពីក្រុមហ៊ុនលក់រថយន្តផ្លូវការដូចជា Ford, MG, និង Toyota ដែលបានដាល់លក់រថយន្តក្នុងតម្លៃសមរម្យ និង ផ្តល់នូវរថយន្តដែលមានភាពធំទូលាយ ជាមួយនឹងមុខងារប្រើប្រាស់ទំនើប និង ងាយស្រួលដើម្បីជាជំនួយការក្នុងការបើកបររបស់អ្នក៕