ចង់ទៅសាកឬអត់? សណ្ឋាគារលើទីអវកាសដំបូងគេ នឹងបើកដំណើរការក្នុងឆ្នាំ ២០២៥
កាលពីដើមឆ្នាំ ២០២៣ នេះ ខាងក្រុមហ៊ុនអវកាស Orbital Assembly បានប្រកាសថា ពួកគេនឹងធ្វើការសាងសង់ស្ថានីយអវកាសចំនួន ២ ដោយមួយហៅថា Voyager Station នឹងបើកដំណើរការនៅក្នុងឆ្នាំ ២០២៧ ហើយមួយទៀតហៅថា Pioneer Station ដែលនឹងបើកដំណើរការនៅត្រឹម ២ ឆ្នាំខាងមុខនេះ ពោលគឺនៅក្នុងឆ្នាំ ២០២៥។
បើតាមក្រុមហ៊ុន Orbital Assembly បានឱ្យដឹងទៀតថា រីស៊តដ៏ទំនើបដំបូងគេនេះ គឺនឹងផ្ដល់អារម្មណ៍ប្លែកខុសពីដំណើរលើទីអវកាសរបស់អវកាសយានិកទូទៅ។ ជាធម្មតា អ្នកអវកាសយានិក មានការលំបាកក្នុងការបន្ទោរបង់ និង គេង ព្រោះតែលើទីអវកាសគ្មានទំនាញផែនដី។
យ៉ាងណាមិញ សម្រាប់ស្ថានីយថ្មី ដែលសាងសង់ឡើងជាសណ្ឋាគារនេះ គឺសង់ឡើងដោយមានទំនាញ។ នេះមានន័យថា ភ្ញៀវដែលស្នាក់នៅលើស្ថានីយ Pioneer និង Voyager គឺអាចប្រើប្រាស់បន្ទប់ទឹក និង គេងបានសឹងតែដូចនៅលើផែនដីដូច្នោះដែរ។
គួរបញ្ជាក់ផងដែរថា ស្ថានីយ Pioneer គឺអាចដាក់ភ្ញៀវបានត្រឹម ២៨ នាក់ក្នុងមួយដងតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ស្ថានីយអវកាសទី ២ Voyager នឹងមានបន្ទប់គ្រប់គ្រាន់សម្រាប់ភ្ញៀវរហូតដល់ ៤០០ នាក់ឯណោះ៕