
អារ៉ាប់គ្រោងចាយលុយ ៨ ពាន់លានដុល្លារ សង់កប៉ាល់រូបកន្ធាយដ៏ធំប្រណីត មិនធ្លាប់មានលើលោក
ប្រទេសអារ៉ាប់រួម គឺជាប្រទេសមួយ ដែលពោរពេញទៅដោយបច្ចេកវិទ្យាស៊ីវិល័យទំនើបៗ ទាក់ទាញអស់ចំណាប់អារម្មណ៍មហាជនជុំវិញពិភពលោក ឱ្យចង់ទស្សនាចង់ឃើញឱ្យបានម្ដង។ យ៉ាងណាមិញ ខណៈបច្ចេកវិទ្យាពិភពលោកកាន់តែរីកដុះដាលទៅមុខ ប្រទេសមួយនេះក៏ប្រណាំងមិនឱ្យចាញ់ដៃនោះដែរ ដោយថ្មីៗនេះ អារ៉ាប់គឺមានគម្រោងច្នៃប្រឌិតថ្មីមួយទៀតហើយ ដោយលើកនេះគឺគ្រោងនឹងសាងសង់កប៉ាល់ទេសចរណ៍ដ៏ធំប្រណីតមួយរូបរាងដូចជាសត្វកន្ធាយ ក្នុងតម្លៃរហូតដល់ ៨ ពាន់លានដុល្លារអាមេរិក។
កប៉ាល់ទេសចរណ៍ ឬអាចចាត់ទុកថាជាទីក្រុងអណ្ដែត ត្រូវបានហៅឈ្មោះថា «Pangeos»។ ទីក្រុងច្នៃប្រឌិតអណ្ដែតលើផ្ទៃសាគរនេះដែរ គឺនឹងក្លាយជាកន្លែងស្នាក់អាស្រ័យសម្រាប់មនុស្សបានរហូតដល់ ៦ ម៉ឺននាក់ឯណោះ។ ទីក្រុង «Pangeos» គឺច្នៃឡើងដោយក្រុមហ៊ុន Lazzarini Design Studio ដែលនៅក្នុងទីក្រុងអណ្តែតទឹកមួយនេះ រួមមានកន្លែងសំខាន់ៗជាច្រើនដូចជា អគារអាផាតមិន (apartments) ផ្សារទំនើប និង សួនច្បារលើដំបូលអគារផងដែរ។
កប៉ាល់ Pangeos គឺមានទំហំធំមហិមា ដោយទទឹងមានប្រវែង ៦១០ ម៉ែត្រ និង បណ្ដោយ ៥៥០ ម៉ែត្រ។ លើកប៉ាល់ដ៏ធំប្រណីតនេះ នឹងមានអគារអាផាតមិនចំនួន ៦៤ កន្លែង ដែលមានទីតាំងនៅត្រង់ផ្នែកជើងនៃកន្ធាយ និង នៅតាមកន្លែងផ្សេងៗទៀតនៅត្រង់ផ្នែកខ្លួន។ លើសពីនេះទៅទៀតនោះ កប៉ាល់នេះក៏មានបន្ទប់បន្ថែមសម្រាប់ជាសណ្ឋាគារ ដើម្បីឱ្យភ្ញៀវទេសចរអាចរីករាយ និង ទទួលបានបទពិសោធនៅទីនោះដោយផ្ទាល់ផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់កប៉ាល់យក្សរូបកន្ធាយនេះដែរ គឺរំពឹងថានឹងចាប់ផ្ដើមធ្វើឡើងក្នុងឆ្នាំនេះ ហើយប៉ាន់ប្រមាណថានឹងចំណាយពេលរហូតដល់ ៨ ឆ្នាំ ទើបអាចរួចរាល់ជាស្ថាពរ៕
ប្រភព៖ Ladbible