
ទីបំផុត មេធាវីមនុស្សយន្ដដំបូងគេលើលោក នឹងឡើងតុលាការការពារក្ដីឱ្យមនុស្សនៅខែក្រោយ
ចំពោះមនុស្សយើងទូទៅ ការចង់ការពារ និង ឈ្នះក្ដីនៅតុលាការ ពិតណាស់គឺទាមទារឱ្យមានមេធាវីម្នាក់ ដើម្បីជាអ្នកតំណាង។ យ៉ាងណាមិញ មកទល់សម័យជឿនលឿនបច្ចុប្បន្ននេះវិញ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ ដែលមានសមត្ថភាពខ្លាំងលើវិស័យច្បាប់មួយនេះ សូម្បីតែមនុស្សយន្តក៏អាចមានសមត្ថភាពការពារក្ដីឱ្យមនុស្សផងដែរ។
ស្ដាប់ទៅរៀងប្លែកបន្តិច ប៉ុន្តែអ្វីដែលបានបញ្ជាក់ខាងលើនេះគឺជាការពិត នៅសហរដ្ឋអាមេរិក នឹងដាក់ដំណើរការមេធាវីមនុស្សយន្តដំបូងគេបង្អស់លើពិភពលោក ឱ្យមកការពារក្ដីនៅតុលាការ។ តាមការចេញផ្សាយរបស់ទស្សនាវដ្ដី New Scientist បានបញ្ជាក់ថា ការកាត់ក្ដីនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិកក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមនុស្សយន្ត «lawyer robot» ដែលបង្កើតឡើងដោយក្រុមហ៊ុន DoNotPay នឹងជាអ្នកការពារក្ដីឱ្យខាងចុងចោទ។
មនុស្សយន្ត ដែលដំណើរការតាមទូរស័ព្ទនេះដែរ នឹងធ្វើការស្ដាប់ដំណើរការកាត់ក្ដីនៅតុលាការក្នុងពេលវេលាជាក់ស្ដែង មុនពេលធ្វើការណែនាំដល់ចុងចោទពីអ្វីដែលត្រូវនិយាយតាមរយៈកាសត្រចៀក។ មេធាវីមនុស្សយន្តនេះដែរ គឺនឹងធ្វើការផ្ដោតសំខាន់តែលើការវិភាគជម្លោះនៅតុលាការ ជាជាងការឆ្លើយតប។
បើតាមសារព័ត៌មាន The New York Post បានចេញផ្សាយថា ខាងចុងចោទ គឺនឹងត្រូវបង្ហាញខ្លួននៅតុលាការ ដើម្បីកាត់ក្ដីលើបទ «បំពានច្បាប់ចរាចរណ៍»។ ក្នុងនោះដែរ ក្រុមហ៊ុន DoNotPay អះអាងថា នឹងចេញថ្លៃពិន័យចរាចរណ៍ទាំងអស់ ប្រសិនបើខាងចុងចោទ ចាញ់ក្ដីមួយនេះ៕