ល្បិចថ្មី! គ្រាន់តែតេចូលមួយក្រឺង ជនខិលខូច អាចលួចគណនី WhatsApp ទៅគ្រប់គ្រងបាន
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ថ្មីៗនេះ បានបញ្ជាក់ឱ្យបានដឹងថា កាលពីសប្តាហ៍មុន ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានរកឃើញពីល្បិចកលថ្មី ដែលជនខិលខូចបានតេទៅអ្នកប្រើប្រាស់ ហើយបញ្ចុះបញ្ចូលពួកគេ ឱ្យចុចបញ្ចូលលេខមួយចំនួន ដើម្បីប្រើមុខងារ call forwarding ដែលមានជាមួយនឹងក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទ។
ចំពោះករណីនេះ ប្រសិនបើជនរងគ្រោះបានលង់ជាមួយនឹងការបោកបញ្ឆោតនេះ គឺអាចឱ្យជនខិលខូច ស្នើសុំលេខកូដ OTP ដើម្បីចូលទៅក្នុងគណនីបណ្ដាញទំនាក់ទំនងសង្គម WhatsApp។ ដូច្នេះហើយ ដើម្បីចៀសវាងពីការបោកបញ្ឆោតនេះ អ្នកប្រើប្រាស់គួរតែកុំចុចបញ្ចូលលេខ នៅពេលដែលមានការស្នើសុំពីជនអនាមិកដែលបានតេចូល។ មួយវិញទៀត ប្រសិនបើអ្នកប្រើប្រាស់គិតថាទូរសព្ទរបស់ពួកគេកំពុងតែប្រើសេវាកម្ម call forwarding ដែលពុំបានស្នើសុំ គួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីផ្ដាច់សេវាកម្មនេះ។
គួរបញ្ជាក់ផងដែរថា ដើម្បីឱ្យការបោកបញ្ឆោតនេះអាចដំណើរការបាន ក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទ ឬអ្នកប្រើប្រាស់ ត្រូវតែមានបើកមុខងារ call forwarding សម្រាប់ការតេចូលទាំងអស់ ព្រោះពេលខ្លះទៀត មុខងារនេះ គឺសម្រាប់តែប្រើក្នុងករណីដែលទូរសព្ទរបស់អ្នកប្រើប្រាស់ កំពុងតែជាប់រវល់ប៉ុណ្ណោះ។
យ៉ាងណាមិញ ដោយមើលឃើញពីភាពចន្លោះប្រហោង ក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទ ដើម្បីបញ្ជាក់អត្តសញ្ញាណ ជាមួយប្រព័ន្ធ 2FA ដូច្នេះហើយ បានជាខាងនាយកដ្ឋាន តែងតែធ្វើការណែនាំឱ្យអ្នកប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលមានផ្ទុកឯកសារសំខាន់ៗ និងជាពិសេសអ្នកគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ គួរតែប្រើកូនសោសុវត្ថិភាព USB/NFC (security keys) ជាមួយប្រព័ន្ធ 2FA ដើម្បីការពារគណនីរបស់អតិថិជន ក៏ដូចជាឯកសាររបស់ពួកគេផ្ទាល់៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា