ច្នៃប្រឌិតមែន! ជប៉ុនបង្កើតរូប៉ូតឆ្កែចចក ទុកបន្លាចខ្លាឃ្មុំ កុំឱ្យបំផ្លាញដំណាំ
ប្រទេសជប៉ុន ត្រូវបានគេស្គាល់ច្បាស់ថា ជាប្រទេសមួយដែលពូកែខាងបង្កើតរូប៉ូតប្លែកៗ ដោយជាក់ស្ដែងលើកនេះ ពួកគេបែកគំនិតជួយពលរដ្ឋការពារដំណាំ ដោយច្នៃជារូប៉ូតចចកដ៏គួរឲ្យខ្លាចមួយ ជំនួសដោយការប្រើទីងម៉ោង ។
តាមរយៈវីដេអូមួយ ដែលផ្សព្វផ្សាយដោយសារព័ត៌មាន New York Post បានបង្ហាញពីរូបរាង និងសកម្មភាពនៃបិសាចចចក ដែលដើរតួនាទីជាទីងម៉ោងនាសម័យបច្ចុប្បន្ន ។
រ៉ូបូតចចកមួយនេះ ច្នៃប្រឌិតឡើងដោយ Ohta Seiki ។ វាអាចមានសមត្ថភាពក្រវីក្បាល និងគ្រហឹមបន្លាចសត្វព្រៃ ដែលមកយាយីដំណាំ រួមទាំងការពារពីការបំផ្លិចបំផ្លាញពីពពួកខ្លាឃ្មុំ និងសត្វក្ដាន់ផងដែរ ។ រ៉ូបូតមួយនេះ ត្រូវបានបំពាក់ក្នុងក្រុងតូចមួយនៅប្រទេសជប៉ុន ដែលមានឈ្មោះថា Takikawa ។
បិសាចរ៉ូបូតមួយនេះ ត្រូវបានដំឡើងនៅពាក់កណ្ដាលខែកញ្ញាកន្លងទៅ ហើយក្រោយៗមក មិនដែលឃើញមានវត្តមានសត្វខ្លាឃ្មុំបង្ហាញខ្លូននៅក្រុង Takikawa ឡើយ នេះបានន័យថា ដំណើរការនៃរ៉ូបូតចចកនេះ គឺមានប្រសិទ្ធភាពពិតប្រាកដមែន ៕
ប្រភព៖ indiatimes,NewYork Post