កំពូល SUV ប្រណីត Rolls-Royce Cullinan ដាក់លក់នៅថៃ តម្លៃក៏មិនណយដែរ
រថយន្ត SUV ដ៏ប្រណីត Rolls-Royce Cullinan កំពុងមានលក់នៅក្នុងប្រទេសថៃហើយ ។ វាប្រើម៉ាស៊ីនសាំងចំណុះ ៦,៧៥ លីត្រ Twin-Turbo ទំហំ ១២ ស៊ីឡាំង បង្កើតកម្លាំងបានសរុប ៥៧១ សេះ និង ប្រើប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ ។ វាអាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៥,២ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនរបស់រថយន្ត Rolls-Royce Cullinan ៖
- កៅអីអង្គុយខាងក្រោយមានដាច់ដោយឡែកពីគ្នា ខណ្ឌដោយស្នូកកណ្ដាលដែលមានកន្លែងសម្រាប់ដាក់កែវស្រា និងទូទឹកកក
- កៅអីពូកដែលអាចកំណត់បានច្រើនរបៀប មានមុខងារម៉ាស្សា និងមានតុអាហារ
- កញ្ចក់ខណ្ឌចែកកាប៊ីនរថយន្តជួយខណ្ឌចែកអ្នកធ្វើដំណើរពីផ្នែកដាក់ឥវ៉ាន់ ដែលជួយបង្កើនភាពស្ងប់ស្ងាត់បានល្អបំផុតសម្រាប់ ហើយក៏ជួយការពារអ្នកដំណើរពីការប្រែប្រួលសីតុណ្ហភាព បើទោះបីជាផ្នែកដាក់ឥវ៉ាន់ខាងក្រោយបើកចំហក្ដី
- អាចបន្ទាបខ្លួនកម្ពស់ ៤០ ម.ម ពេលចាប់ផ្ដើមដំណើរការតាមរយៈសោបែប Bespoke
- ទ្វាអាចបិទ/បើកស្វ័យប្រវត្តិដោយចុចប៊ូតុង
- មានមុខងារ Night Vision ជំនួយដល់ការមើលផ្លូវពេលយប់ និង Vision Assist ជំនួយដល់ភ្នែក
- ប្រព័ន្ធ Active Cruise Control, ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់បុកទង្គិច, ប្រព័ន្ធ Cross-Traffic Warning,ប្រព័ន្ធ Lane Departure និងប្រព័ន្ធជូនដំណឹង Lane Change Warning
បើយោងតាមគេហទំព័រ Bangkokpost របស់ប្រទេសថៃ បានឱ្យដឹងថា រថយន្តដ៏ប្រណីត Rolls-Royce Cullinan នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ៣២,៩ លានបាត ឬ ខ្ទង់ ១ លានដុល្លារឯណោះ ៕
ប្រភព ៖ bangkokpost