Isuzu D-Max ឆ្នាំ ២០២០ ដូររូបរាងទាំងស្រុង បង្ហាញខ្លួនផ្លូវការហើយ!
វាគឺជាលើកទីមួយហើយក្នុងរយៈពេល ៨ ឆ្នាំ ដែលរថយន្តភីកអាប់ Isuzu D-Max បានផ្លាស់ប្តូរការរចនាទាំងស្រុង ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ ។
Isuzu D-Max ឆ្នាំ ២០២០ នឹងចេញលក់នៅថ្ងៃទី ១៩ តុលា ២០១៩ ក្នុងប្រទេសថៃ ដោយធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងនៅផ្នែកខាងមុខ ។ វាមើលទៅរាងកាចជាងមុន ដោយសារតែប៉ាណាមុខធំជាងមុន ជាមួយចង្កៀងប្រភេទ bi-LED រាងអក្សរ U ដ៏ទាក់ទាញ ។ ចំណែកឯផ្នែកខាងក្រោយវិញ វាបានបំពាក់ចង្កៀងប្រភេទ LED ភ្លោះ ដែលជួយឱ្យវាមើលទៅរឹតតែទាន់សម័យ ។
ដោយឡែក ផ្នែកខាងក្នុងរបស់ D-Max ថ្មី ត្រូវបានផ្លាស់ប្តូរយ៉ាងទំនើប និង ទាន់សម័យ ដោយបំពាក់អេក្រង់បង្ហាញព័ត៌មាន-កម្សាន្ត ទំហំ ៩ អ៊ីង ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto , តាប្លូកណ្តាលរាងអក្សរ V ដោយមានប៊ូតុងបញ្ជាដូចព្យ៉ាណូ , ដៃចង្កូតថ្មីមានប៊ូតុងបញ្ជាមុខងារច្រើន និង កុងទ័រប្រភេទឌីជីថលទំហំ ៤,២ អ៊ីងជាដើម ។ លើសពីនេះទៅទៀត វាបានបំពាក់កៅអីមុខថ្មី ដែលផ្តល់ផាសុកភាពជាងមុន និង ការពារពីការរបួសប្រសើរជាងមុនទៀតផង ។
សូមបញ្ជាក់ថា Isuzu D-Max ឆ្នាំ ២០២០ ផ្តល់ម៉ាស៊ីនម៉ាស៊ូត Turbodiesel ទំហំ ៤ ស៊ីឡាំង ចំនួន ២ ជម្រើស គឺ ចំណុះ ១,៩ ដែលបង្កើតកម្លាំងបាន ១៤៨ សេះ និង ចំណុះ ៣,០ លីត្រ កម្លាំង ១៨៧ សេះ ។ វាមានទាំងជម្រើសប៉ុងមួយ និង ប៉ុងពីរ ហើយចែកតួខ្លួនជា ៣ ប្រភេទ គឺ Regular Cab (ទ្វារ២ កៅអី២ គ្រែវែង) , Space Cab (ទ្វារ២ កៅអី២ គ្រែមធ្យម) និង Crew Cab (ទ្វារ៤ កៅអី៥ គ្រែខ្លី) ៕
ប្រភព ៖ Carscoops