MacBook Pro ១៦ អ៊ីងថ្មី នឹងប្រើឆ្នាំងសាក USB-C កម្លាំង 96W
ពាក្យចចាមអារ៉ាមអំពី MacBook Pro ទំហំ ១៦ អ៊ីងថ្មី ត្រូវបានលេចឡើងកាលពីខែកុម្ភៈមកម្ល៉េស ។ នៅក្នុងថ្ងៃនេះ របាយការណ៍ពីគេហទំព័រចិន Chongdiantou បានចែករំលែករូបមួយសន្លឹក បង្ហាញឱ្យឃើញពីឆ្នាំងសាកកម្លាំង 96W ប្រភេទ USB-C ថ្មីរបស់ Apple ។ ប្រភពដដែលអះអាងថា ឆ្នាំងសាកនេះត្រូវបានផលិតឡើងសម្រាប់ MacBook Pro ទំហំ ១៦ អ៊ីងតែម្តង ។
បើតាមរូបថតរាងព្រាលៗមួយសន្លឹកនោះ បង្ហាញឱ្យឃើញផ្ទៃខាងក្រោមនៃឆ្នាំងសាកសរសេរថា “96W USB-C Power Adapter” និង “Designed by Apple in California – Assembled in China” ដូចទៅនឹងឆ្នាំងសាកផ្លូវការរបស់ Apple អីចឹង ។
គួរឱ្យដឹងថា រហូតមកដល់ពេលនេះ មិនទាន់មាន MacBook ណាប្រើឆ្នាំងសាកដល់កម្លាំងប៉ុណ្ណេះឡើយ ។ ជាក់ស្តែង MacBook Pro ទំហំ ១៣ អ៊ីងប្រើឆ្នាំងសាក USB-C កម្លាំង 61W ខណៈម៉ូដែល ១៥ អ៊ីងប្រើឆ្នាំងសាកកម្លាំង 87W ៕
ប្រភព ៖ 9to5mac