លក់ដាច់ខ្លាំងពេក Apple នឹងផលិត iPhone 11 ថែម ៨ លានគ្រឿងទៀត
iPhone 11 កំពុងលក់ដាច់ខ្លាំង បើប្រៀបធៀបជាមួយ iPhone XS និង iPhone XR ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ មិនតែប៉ុណ្ណោះ Nikkei Asian Review ក៏បានរាយការណ៍ដែរថា Apple បានបញ្ជាឱ្យផលិត iPhone 11 បន្ថែម ១០% ទៀត ដែលស្មើនឹង ៨ លានគ្រឿង ។
បើយោងតាម Nikkei Asian Review បានឱ្យដឹងថា ការផលិតបន្ថែមនេះភាគច្រើនគឺផ្តោតលើ iPhone 11 ដែលមានតម្លៃ ៦៩៩ ដុល្លារ និង iPhone 1 1Pro ដែលមានតម្លៃ ៩៩៩ ដុល្លារ (តម្លៃនៅបរទេស) ។
iPhone 11 បានទាក់ទាញអ្នកទិញច្រើន ដោយសារតែការធ្វើឱ្យប្រសើរនូវ កាមេរ៉ា Wide ក៏ដូចជាបន្ថែមកាមេរ៉ា Ultra-wide , បំពាក់ឈីបជំនាន់ចុងក្រោយថ្មី , ខ្នងកញ្ចក់ដ៏រឹងមាំ និង មានតម្លៃថោក ។
គួររំលឹកឱ្យដឹងថា iPhone XR ត្រូវបានដាក់លក់ក្នុងតម្លៃ ៧៤៩ ដុល្លារកាលពីឆ្នាំមុន ខណៈ iPhone 11 ឆ្នាំនេះ ដាក់លក់ត្រឹម ៦៩៩ ដុល្លារប៉ុណ្ណោះ ៕
ប្រភព ៖ 9to5mac