Kia កំពុងពិចារណាផលិតឡាន Picanto ប្រើអគ្គិសនី ដែលមានតម្លៃថោក
រថយន្ត Kia Picanto អាចនឹងមានប្រភេទប្រើអគ្គិសនីសុទ្ធ ប្រសិនបើក្រុមហ៊ុនរថយន្តកូរ៉េមួយនេះ អាចរកវិធីយ៉ាងណាធ្វើឱ្យវាមានតម្លៃថោកសមរម្យ ។
លោក Emilio Herrera ប្រធានប្រតិបត្តិការក្រុមហ៊ុន Kia Europe បានឱ្យដឹងថា “រថយន្តដំណើរការដោយថាមពលអគ្គិសនីខ្នាតតូច នឹងក្លាយជាការប្រកួតប្រជែងដ៏ធំមួយ ទោះឆាប់ៗនេះ ឬ ពេលក្រោយក៏ដោយ យើងនឹងត្រូវធ្វើវា” ។
បច្ចុប្បន្ននេះ ឧស្សាហកម្មរថយន្តកំពុងព្យាយាមស្វែងរកយុទ្ធសាស្រ្តសម្រាប់រថយន្តខ្នាតតូចនៅអឺរ៉ុប ស្របពេលដែលច្បាប់បរិស្ថានកាន់តែតឹងទៅៗ បង្ខំឱ្យពួកគេបន្ថែមបច្ចេកវិទ្យាថ្មីមានតម្លៃថ្លៃ ទៅកាន់រថយន្តដែលទទួលបានផលចំណេញតិច ។
យ៉ាងណាមិញ មិនទាន់មានការសម្រេចចិត្តអំពីអាគុយអគ្គិសនីសម្រាប់ប្រើលើ Picanto ឡើយ ប៉ុន្តែ Kia កំពុងស្វែងរកដំណោះស្រាយ ។ ប្រសិនបើមានការសម្រេចចិត្ត រថយន្ត Kia Picanto EV អាចមានតម្លៃចន្លោះពី ១៧ ៦០០ ទៅ ១៨ ៧០០ ដុល្លារ ៕
ប្រភព ៖ Carscoops