Lexus ចេញលក់នាវាកម្សាន្តប្រណីតដំបូងបង្អស់ ឯតម្លៃញាក់សាច់ (វីដេអូ)
Lexus បានបញ្ចេញនាវាកម្សាន្តដំបូងបង្អស់របស់ខ្លួន ម៉ូដែល LY 650 ដែលផលិតឡើងផ្អែកលើគំរូនាវា Lexus Sport Yacht Concept ដែលធ្លាប់បានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៧ ។
LY 650 មានការរចនា និង រៀបចំយ៉ាងប្រណីតទាន់សម័យបំផុត ហើយមានកាប៊ីនខាងក្នុងធំទូលាយ ។ វាបំពាក់មុខងារ LY-Link ដែលជាបច្ចេកវិទ្យាកម្រិតខ្ពស់ ចែករំលែកព័ត៌មាន និង ផ្តល់នូវការគ្រប់គ្រងលើមុខងារផ្សេងៗនៅលើនាវាក្នុងពេលជាក់ស្តែងតែម្តង ។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់បើក ឬ បិទមុខងារលើនាវា ដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ និង ភ្លើង តាមរយៈទូរស័ព្ទដៃរបស់ពួកគេផងដែរ ។
នាវា Lexus LY 650 មានទម្ងន់ស្រាល តែរឹងមាំខ្លាំង ដោយសារតែការគួបផ្សំរវាងសារធាតុកាប៊ូន CFRP (carbon fiber-reinforced plastic) និង GFRP (glass fiber-reinforced plastic) ។ វាដំណើរការដោយម៉ាស៊ីន Volvo Penta IPS ចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ២ ៧០០ សេះ ហើយអាចផ្ទុកសាំងរហូតដល់ទៅ ៤ ០១២ លីត្រឯណោះ ។
សូមបញ្ជាក់ថា នាវា Lexus LY 650 មានតម្លៃប្រហែល ៣,៥ លានដុល្លារក្នុងមួយគ្រឿង ដោយមិនទាន់រាប់បញ្ចូលទាំងតម្លៃពន្ធឡើយ និង Option ឡើយ ។ វានឹងមានលក់នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះ ៕
ប្រភព ៖ Carscoops