បន្ទាប់ពីផលិតកម្ម Tiny Film Production បានប្រកាសផលិតភាពយន្តខ្នាតធំដ៏ព្រឺព្រួចរឿង «ខ្មោចដើមចេកជ្វា» ក្នុងឆ្នាំ ២០២៥ នេះឡើងវិញ មកដល់ពេលនេះផលិតកម្មក៏បានបង្ហោះបង្ហើបទាក់ទងនឹងការថតសាច់រឿងនេះជាបន្តបន្ទាប់។
ជាមួយគ្នានោះ ថ្មីៗកន្លងទៅខាងផលិតកម្ម Tiny Film Production ក៏បានបង្ហោះរូបភាពផ្ទះបុរាណមួយខ្នងដែលជាទីតាំងថតរឿងឡើងវិញក្នុងឆ្នាំ ២០២៥ នេះផងដែរ។ ងាកទៅកាន់តួអង្គវិញ ដ្បិតតែផលិតកម្មមិនទាន់បើកបង្ហាញមុខតួអង្គនីមួយៗច្បាស់មែន ប៉ុន្តែមកដល់ពេលនេះទិដ្ឋភាពនៃដំណើរការថត និង តួអង្គខ្លះក្នុងភាពយន្តមួយនេះកំពុងត្រូវបានចែកចាយ ក្រោយពីបានឃើញវីដេអូខ្លីៗនៃទិដ្ឋភាពរបស់ក្រុមការងារថតប្លង់ផ្សេងៗបង្ហាញលើបណ្ដាញសង្គមបន្តបន្ទាប់។
ក្រោយឃើញការបង្ហាញក្នុងឃ្លីបវីដេអូ មហាជនដែលគាំទ្រក៏កំពុងរង់ចាំអ៊ុតមើលពីតួអង្គឯកប្រុសស្រីក្នុងរឿងនេះដែរ ថាតើជាតួអង្គណា? ស្របគ្នានឹងការទន្ទឹងរង់ចាំនេះដែរ មហាជនបានដាក់ក្ដីរំពឹងដល់តារាស្រីម្នាក់ គឺតារាស្រីជើងចាស់ សាំង ភស្ដា ថាអ្នកនាងនឹងវិលត្រឡប់មកសាងស្នាដៃក្នុងរឿងនេះម្តងទៀត។
យ៉ាងណាមិញ ក្ដីរំពឹងរបស់មហាជនហាក់ទំនងជាការពិត បន្ទាប់ពីគេបានឃើញតាមរយៈវីដេអូបង្ហោះលើគណនី TikTok របស់តារាស្រីជើងចាស់ សាំង ភស្ដា ដោយបានបង្ហាញពីសកម្មភាពមួយរបស់អ្នកនាងកំពុងថតក្នុងភាពយន្តបុរាណមួយ មានការស្លៀកពាក់ដូចជាតួ នាងនុត ក្នុងសាច់រឿង «ខ្មោចដើមចេកជ្វា»។ អ្វីដែលធ្វើឱ្យមហាជនកាន់តែច្បាស់ថាតារាស្រីជើងចាស់ សាំង ភស្ដា ជាតួអង្គ នាងនុត ទៀតនោះ គឺអ្នកនាង សាំង ភស្ដា ផ្ទាល់បានសរសេររៀបរាប់ភ្ជាប់ជាមួយវីដេអូថា ៖ «រំភើបខ្លាំងណាស់ដែលបានជួប បងសូ ម្ដងទៀតក្នុងរឿងដដែល #ខ្មោចដើមចេកជ្វា»៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖