នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាចែករំលែកបន្តគ្នាព្រោងព្រាត បន្ទាប់ពីបុរសម្នាក់ មានគណនីឈ្មោះ EN Chhen បានបង្ហោះករណីស្រ្តីម្នាក់ដាក់ថ្នាំបំពុលក្នុងបាយ ឱ្យកូនតូចៗ ២ នាក់ហូបរហូតស្លាប់ ខណៈស្រ្តីជាម្តាយក៏ហូបដែរ ប៉ុន្តែត្រូវបានប្ដីមកទាន់ដឹកទៅសង្គ្រោះទាន់ពេល ដែលហេតុការណ៍នេះ កើតឡើងនៅក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មូលហេតុដោយសារអស់សមត្ថភាពបង់លុយធនាគារ។
តាមប្រភពដែលមានគណនីឈ្មោះ EN Chhen បានបន្តថា ស្ត្រីជាម្តាយមានឈ្មោះ ប៉ាក សុហេង អាយុ ២៤ ឆ្នាំ និងកូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ ១០ ឆ្នាំ (ស្លាប់) និង កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ ៦ ឆ្នាំ (ស្លាប់)។
ក្នុងនោះ ទាក់ទិនទៅនឹងករណីខាងលើនេះ នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ច្បាស់ៗឱ្យបានដឹងថា ករណីនេះបានកើតឡើងតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ ព្រមទាំងបញ្ជាក់ឱ្យម្ចាស់គណនីលុបការផុសនោះចេញជាបន្ទាន់ថា ៖ «សូមជម្រាបសាធារណជូនឱ្យបានជ្រាបករណីខាងលើនេះ បានកើតឡើងតាំងពី ១០ ឆ្នាំមុន សូមកុំមានការភាន់ច្រឡំ សូមអ្នកដែលបានបង្ហោះព័ត៌មាននេះឈ្មោះ EN Chhen ដកចេញជាបន្ទាន់»៕