កៅ សីហា មិនសំងំស្ងៀម ពេលឃើញគេទិតៀន MUC ខ្មែរ-ញ៉ូវសេឡេន ២០២៣ គ្រងឈុតក្ងោក
ការប្រកួតឈុតតំណាងជាតិក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Universe Cambodia 2023 បានបញ្ចប់ទៅកាលពីរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៣ ដោយបវរកញ្ញាទាំងអស់ បានគ្រងឈុតតំណាងខេត្ត-ក្រុង ដើរបង្ហាញខ្លួនលើឆាកនៅចំពោះមុខគណៈកម្មការ ក៏ដូចជាទស្សនិកជនទាំងអ្នកទស្សនាផ្ទាល់ និង តាមកញ្ចក់ទូរទស្សន៍។
ដ្បិតថាការដើរបង្ហាញក្នុងឈុតតំណាងជាតិបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្ដែក្នុងនោះគេសង្កេតឃើញមហាជនលើបណ្ដាញសង្គម ហាក់ផ្ទុះការជជែកវែកញែក និង រិះគន់ជាខ្លាំង ទៅលើឈុតតំណាងខេត្ត ក្រុងមួយចំនួន ដែលមើលទៅមិនបានរៀបចំឱ្យបានប្រណីត ស្រស់ស្អាតទាក់ទាញស្របតាមភាពល្បីល្បាញរបស់កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យមួយនេះ។
ដោយឃើញសន្ទុះនៃការរិះគន់ទៅលើឈុតតំណាងជាតិខ្មែរ-ញ៉ូវសេឡេននៅតែបន្តកើតមានឡើង ស្រាប់តែអ្នកដឹកនាំរឿង លោក កៅ សីហា បានផុសវីដេអូមួយ និង រៀបរាប់ថា ៖ «វីដេអូមួយនេះ ខ្ញុំផុសដើម្បីលើកទឹកចិត្តបេក្ខភាពរូបនេះឱ្យកាន់តែរឹងមាំផ្លូវចិត្ត ដើម្បីបន្តការប្រកួតវគ្គជាបន្តបន្ទាប់។ សូមឱ្យបងប្អូនមហាជនមេត្តារិះគន់ដោយពាក្យសម្ដីល្អៗ ប្រកបដោយការលើកទឹកចិត្តសម្រាប់នាង»។
លោក កៅ សីហា បន្តថា ៖ «ចូរយើងរៀនយកចិត្តគេដាក់ជាចិត្តយើង ហើយផ្ដល់ភាសាស្ថាបនាដែលអានហើយប្រកបដោយស្នាមញញឹមតើបានទេ? ខ្ញុំក៏សប្បាយចិត្តកាលដែលផុសរបស់ខ្ញុំបានសាយភាយទូលំទូលាយ ជួយលើកជ្រោងឱ្យមានអ្នកផងទូទៅ ប្រជាជនគ្រប់ទីកន្លែងកាន់តែស្គាល់ច្បាស់នៃបេក្ខភាពនីមួយៗរបស់បវរកញ្ញាចក្រវាឡកម្ពុជានាឆ្នាំនេះ ពិសេសគឺបេក្ខភាព ខ្មែរ-ញ៉ូវសេឡេន តែម្ដងដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងគេក្នុងចំណោមនៃបេក្ខភាពទាំងអស់ បើទោះចំណាប់អារម្មណ៍នោះ ភាគច្រើនជាមតិអវិជ្ជមានក៏ដោយ ហោចណាស់ក៏បងប្អូនបានសម្គាល់លើរូបសម្រស់ និងឈ្មោះតំណាងជាបេក្ខភាពផងដែរ ក្រៅពីបេក្ខភាពដែលមានប្រជាប្រិយបន្សល់ពីការប្រកួតមុនៗមកស្រាប់»៕