ស្ញប់ស្ញែងបំផុត! យុវតីឆ្នើមកម្ពុជាវ័យក្មេង ២ រូប មានសមត្ថភាពដ៏អស្ចារ្យ ល្បីល្បាញដល់អន្តរជាតិ ធ្វើឱ្យមហាជនមោទកភាពខ្លាំង
កន្លងមក មហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ និង កោតសរសើរជាខ្លាំងទៅលើយុវជន-យុវតីវ័យក្មេងរបស់កម្ពុជាជាច្រើនរូប ដែលមានសមត្ថភាពដ៏អស្ចារ្យទៅលើការសិក្សារៀនសូត្រ ពូកែចងចាំ មានចំណេះដឹងខ្ពង់ខ្ពស់ ហើយលើសពីនេះ ក្នុងចំណោមពួកគេក៏មានទេពកោសល្យផ្នែកកីឡា ធ្លាប់បង្ហាញខ្លួនប្រកួតលើឆាកអន្តរជាតិធ្វើឱ្យបរទេសភ្ញាក់ផ្អើល និង កោតសរសើរបំផុត។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកវត្តមានយុវតីឆ្នើមរបស់កម្ពុជា ២ រូប គឺកញ្ញា អន ម៉ូនីតា និង កីឡាការិនី ខាន់ ចេសា ដែលអ្នកទាំងពីរមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងស្រទាប់មហាចនទាំងវ័យក្មេង មានទេពកោសល្យធ្វើឱ្យមហាជនខ្មែរមានមោទកភាពចំពោះពួកគេជាខ្លាំង។
១. កញ្ញា អន ម៉ូនីតា
ប្រិយមិត្តបានស្គាល់រួចមកហើយ អន ម៉ូនីតា គឺជាយុវតីប្រកបដោយភាពលេចធ្លោ ដែលមានលក្ខណសម្បត្តិល្អទាំងព្រម ពោលគឺជានារីដែលបុរសគ្រប់រូបប្រាថ្នាចង់បាន ដែលធ្វើឱ្យមហាជនស្ញប់ស្ញែងជាខ្លាំង និង នាំគ្នាដាក់រហស្សនាមឱ្យកញ្ញាគឺជានារីពហុជំនាញ ព្រោះថា ម៉ូនីតា ជានារីវ័យក្មេងដែលខ្លាំងគ្រប់វិស័យ ទាំងផ្នែកសិក្សារៀនសូត្រពូកែគ្រប់មុខវិជ្ជា ជាយុវជនដ៏ឆ្នើមផ្នែកកីឡា ហើយបើងាកមកវិស័យសប្បុរធម៌វិញ អន ម៉ូនីតា ក៏ជាយុវតីគំរូមួយរូបក្នុងសកម្មភាពសង្គមដ៏គួរឱ្យកោតសរសើរផងដែរ។
បើនិយាយដល់វិស័យសិក្សា អន ម៉ូនីតា ទទួលបានពានរង្វាន់ មេដាយ និង សញ្ញាបត្រចំនួន ៧០ ច្បាប់។ វិស័យកីឡា ការ៉ាត់តេ បានទទួលចំណាត់ថ្នាក់លេខ ៣ រីឯ ផ្នែករត់ម៉ារ៉ាតុង ទទួលបានចំណាត់ថ្នាក់លេខ ១។ វិស័យសប្បុរធម៌ កញ្ញា អន ម៉ូនីតា ក៏ជាយុវជនគំរូមួយរូប ក្នុងសកម្មភាពសង្គមផងដែរ ដោយកាលពីឆ្នាំ ២០២០ កញ្ញាទទួលបានពានរង្វាន់អ្នកបង្កើតសន្តិភាព (Peace Maker Award 2020) ដែលជាពានរង្វាន់សន្តិភាព សម្រាប់ប្រយោជន៍អ្នកដទៃប្រកបដោយចីរភាពដល់ពិភពលោក និង ថ្មីៗកន្លងទៅ អន ម៉ូនីតា ក៏ទទួលបានមេដាយស្ថាបនាជាតិ ដោយបានសាងសង់សាលារៀននៅខេត្តកំពង់ចាមផងដែរ។
បច្ចុប្បន្ន កញ្ញា អន ម៉ូនីតា គឺជាអ្នកជំនួញស្រីវ័យក្មេងមួយរូប ដោយបច្ចុប្បន្នកញ្ញា គឺជា Founder and Chairwoman of MERLIONSGEYECONSULTANT Co., ltd។
ក្រៅពីសមត្ថភាពដ៏អស្ចារ្យលើសនារីទូទៅហើយនោះ អន ម៉ូនីតា ក៏មានគោលបំណងចង់បណ្ដុះបណ្ដាល ផ្ដល់ការអប់រំស្មារតីដល់កូនខ្មែរទាំងអស់ ជាពិសេសនារីៗ ឱ្យដើរលើវិថីមួយដ៏ត្រឹមត្រូវប្រកបដោយគុណធម៌ ធ្វើខ្លួនឱ្យមានតម្លៃ និង មានសមត្ថភាពខ្ពស់អាចរស់នៅដោយឯករាជ្យទៅលើផ្នែកហិរញ្ញវត្ថុអាចចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ ហើយធ្វើឱ្យបុរសមើលឃើញពីតម្លៃស្រ្តីខ្មែរថាខ្លាំងកម្រិតណា និង អាចផ្លាស់ប្ដូរផ្នត់គំនិតក្នុងសង្គមដែលគិតថា ស្រ្តីពិតជាមានសមត្ថភាពអាចធ្វើកិច្ចការងារគ្រប់យ៉ាងដូចបុរសដែរ។
២. ខាន់ ចេសា
បើនិយាយដល់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា នរណាក៏លើកសរសើរពីនាងតូចរូបនេះដែរ។ ខាន់ ចេសា មានអាយុទើបតែ ២១ ឆ្នាំប៉ុណ្ណោះ តែនាងបានសាងកេរ្ដិ៍ឈ្មោះយ៉ាងល្បីល្បាញលើឆាកអន្ដរជាតិ។ នាងជាកូនទី២ ក្នុងចំណោមបងប្អូន ៦ នាក់ ដែលមានឪពុក Peter El Khan ជនជាតិខ្មែរ កើតនៅប្រទេសកម្ពុជា និងម្តាយឈ្មោះ April Marie Khan ជនជាតិអេស្ប៉ាញ។ ខាន់ ចេសា បានចាប់ផ្ដើមហ្វឹកហាត់នៅឆ្នាំ ២០១០ ពោលគឺតាំងពីនាងអាយុ ៨ ឆ្នាំមកម្ល៉េះ។ បន្ទាប់ពីហ្វឹកហាត់ច្រើនឆ្នាំរួចមក ចេស្ដា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ អាមេរិក អឺរ៉ុប និង ពិភពលោកជាច្រើន។
លើសពីនោះ ខាន់ ចេសា គឺជាវីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិដ៏ល្បីម្នាក់ ដែលតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ហើយគ្រប់ការប្រកួតរបស់នាង គឺសុទ្ធសឹងតែទទួលបានជោគជ័យ និង ពានរង្វាន់។
ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្នឆ្នាំ ២០២២ ខាន់ ចេសា បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ជាច្រើន ពីលំដាប់តំបន់ទៅដល់លំដាប់ពិភពលោក ជាពិសេសនាងបានតំណាងឱ្យប្រទេសកម្ពុជានៅក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ ២០១៨ និង ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសា នេវ៉ាហ្សា (newaza) ទម្ងន់ ៤៩ គីឡូក្រាមផ្នែកនារី។ អ្វីដែលកាន់តែចាប់អារម្មណ៍ នេះជាមេដាយមាសក្នុងប្រវត្តិសាស្ដ្រកម្ពុជាដំបូងគេ ដែលទទួលបាននៅក្នុងប្រភេទកីឡាជឺជីតស៊ូ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះ ខាន់ ចេសា បានដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូ ជើងឯកពិភពលោក Jiu-Jitsu World Championship 2022 ដែលបានធ្វើឡើងនៅរាជធានី អាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម ដោយនាងបានយកឈ្នះលើកីឡាការិនីអេស្ប៉ាញឈ្មោះ Mathews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ហើយកីឡាការិនីខ្មែរ-អាមេរិកវ័យក្មេងរូបនេះ ក៏បានឆ្លងកាត់ការប្រកួត និង ទទួលបានជ័យជម្នះចំនួន ៥ ប្រកួតជាប់ៗគ្នា ដើម្បីបានគ្រងតំណែងជាជើងឯក ក្លាយជាម្ចាស់មេដាយមាស៕