នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ នេះ មានករណីក្រឡាប់ឡានមួយនៅប្រទេសថៃ តែអ្នកស្រុកអ្នកភូមិបែរជានាំគ្នាកាត់លេខឆ្នោត ព្រោះតែស្លាកលេខឡាន និង លេខផ្ទះដែលឡានក្រឡាប់ពីមុខនោះ ចៃដន្យដូចគ្នាពេក។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតនៅឃុំ Nongprue ស្រុក Bang Lamung ខេត្ត Chonburi ដោយឡានខាងលើជាឡានម៉ាកយ៉ូតា វីអូស ពណ៌ស ពាក់ស្លាកលេខ ៥៤១១ ខេត្តឈុនបុរី។ ម្ចាស់ឡានបានរៀបរាប់ឱ្យដឹងថា បន្ទាប់ពីជូនកូនទៅរៀនរួច ត្រឡប់មកវិញនៅតាមផ្លូវ ខ្លួនក៏បានឱនរើសរបស់មួយភ្លែត ស្រាប់តែឡានក៏បានចេញពីផ្លូវ ហើយក៏ជ្រុលទៅបុកផ្ទះមួយខ្នង បណ្តាលឱ្យក្រឡាប់នៅមុខផ្ទះនោះតែម្តង។
យ៉ាងណាមិញ ជាសំណាងល្អអ្នកបើកបរគ្មានរបួសឡើយ តែអ្វីដែលចៃដន្យនេះ លេខផ្ទះគឺមានលេខ ៥០/៤៥១ ដែលស្រដៀងគ្នាទៅនឹងលេខឡាន ៥៤១១ ធ្វើឱ្យមហាជននាំគ្នាកាត់លេខ ទៅទិញឆ្នោតទៅផ្សងសំណាងលាន់ ព្រោះតែដល់ថ្ងៃឆ្នោតជាតិចេញស្រាប់ផង៕
ប្រភព៖ Khaosod