នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និង វរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និង ខេត្តប៉ៃលិន បានស្រាវជ្រាវរហូតកំណត់បានទីតាំងឃាត់ខ្លួនជនសង្ស័យ ករណីឃាតកម្មសម្លាប់នារី CO មួយរូប នៅខេត្តកំពង់ធំ ដែលកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុចលើភ្នំទ្រុប ស្ថិតភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីឃាតកម្មកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឱ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និង វាយសម្លាប់ ហើយក៏បានរំលោភជនរងគ្រោះ ក្រោយមកក៏បានយកសាកសពទៅកប់តែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងបំពេញសំណុំរឿងតាមនីតិវិធី ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការបន្ដ៕

ប្រភព ៖ Fresh News