ទឹកចិត្តឪពុក ! សុខចិត្តស្លាប់មិនព្យាបាលជំងឺមហារីកខ្លួន ព្រោះទុកលុយព្យាបាលកូនស្រីដែលមានជំងឺមហារីកដូចគ្នា
បុរសជនជាតិចិនម្នាក់សុខចិត្តបដិសេធមិនព្យាបាលជំងឺមហារីកសួតរបស់ខ្លួន ដើម្បីទុកលុយព្យាបាលជំងឺមហារីកូនកណ្ដុរ (lymphoma) របស់កូនស្រី ហើយរហូតមកទល់ពេលនេះស្ថានភាពជំងឺរបស់នាងប្រសើរឡើងហើយ តែអកុសលបុរសជាឪពុកបានបាត់បង់ជីវិតបាត់ទៅ ដែលរឿងរ៉ាវដ៏រំជួលចិត្តមួយនេះបានកើតឡើងនៅខេត្ត Henan ប្រទេសចិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសរូបនោះមិនត្រូវបានបង្ហាញឈ្មោះឡើយ ចំណែកកូនស្រីរបស់គាត់មានឈ្មោះ Sun Ying អាយុ ២១ ឆ្នាំ ជានិស្សិតនៅសកលវិទ្យាល័យ Henan Normal ។ ឪពុករបស់ Sun Ying បានរកឃើញថា មានជំងឺមហារីកសួតកាលពីឆ្នាំ ២០១៤ ប៉ុន្តែដល់ឆ្នាំ ២០១៥ ស្រាប់តែកូនស្រីបានកើតជំងឺមហារីកកូនកណ្ដុរ ឬ ជំងឺ lymphoma ដែលជាហេតុធ្វើឲ្យឪពុកសម្រេចចិត្តផ្អាកព្យាបាល ព្រោះទុកលុយព្យាបាលកូនស្រីម្ដង ហើយអ្វីដែលរំជួលចិត្តបំផុតនោះគឺគាត់បានស្លាប់នៅខែធ្នូ ឆ្នាំ ២០១៥ ខណៈដែល Sun Ying ត្រូវបានបន្តព្យាបាលដោយប្រើគីមី និង ការព្យាបាលដោយវិទ្យុសកម្ម ។
Sun Ying ត្រូវប្រើពេលព្យាបាលតាមដំណាក់កាលចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០១៨ ហើយនៅក្នុងឆ្នាំ ២០១៨ នាងត្រូវបានគ្រូពេទ្យតម្រូវឲ្យសម្រាកនៅលើគ្រែរយៈពេល ៥ ខែ ដែលដំបូងឡើយសូម្បីតែមិត្តរួមថ្នាក់ និង គ្រូៗ ពុំបានដឹងថា Sun Ying មានជំងឺមហារីទេ ដោយគ្រាន់តែដឹងថានាងអវត្តមានរយៈពេល ១សប្ដាហ៍គ្មានមូលហេតុ ប៉ុន្តែក្រោយមកទើបពួកគេដឹងថា នាងកំពុងតស៊ូជាមួយជំងឺមហារីក ទើបនាំគ្នារៃអង្គាសថវិកាបានជិត ១៥០០០ ដុល្លារ ដើម្បីសម្រួលដល់ថ្លៃព្យាបាល ។
Sun Ying ត្រូវបានទទួលការជ្រោមជ្រែង និង លើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់មិត្តភក្ដិ លោកគ្រូ អ្នកគ្រូ និង ជាពិសេសម្ដាយរបស់នាង ទើបនាងមានភាពជឿជាក់លើខ្លួន និង មានកម្លាំងចិត្តចង់រស់ទៅទៀត ជាពិសេសមិនចង់ឲ្យការលះបង់ដ៏ធំរបស់ឪពុកនាងឥតប្រយោជន៍ឡើយ ។ ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពរបស់ Sun Ying កាន់តែប្រសើរឡើង ។ រហូតមកទល់ថ្មីៗនេះ នារីខាងលើត្រូវបានរង់ចាំដើម្បីការប្តូរកោសិកា ហើយគ្រូពេទ្យបានប្រាប់ថានាងនឹងមានសង្ឃឹមជាសះស្បើយ ។ ជាមួយគ្នានេះដែរ Sun Ying ក៏បានធ្វើកំណត់ហេតុមួយនិយាយអំពីស្ថានភាពជីវិតរបស់នាង និង ការតស៊ូប្រយុទ្ធជាមួយជំងឺមហារីក ៕
ដោយ៖ ម៉ានី
ប្រភព៖ Nextshark