ស្មានមិនដល់ថា នារីម្នាក់អាចកាត់រ៉ូបសម្រាប់ថ្ងៃទទួលសញ្ញាបត្ររបស់នាងបានស្អាតដូចស្នាដៃអ្នកជំនាញ
កាលពីពេលថ្មីៗនេះ នារីជនជាតិហ្វ៊ីលីពីនម្នាក់បានទទួលការកោតសរសើរយ៉ាងខ្លាំងទៅលើស្នាដៃកាត់ដេរ និង ច្នៃម៉ូដរ៉ូបរបស់នាង ដែលត្រៀមជាពិសេសសម្រាប់ថ្ងៃទទួលសញ្ញាបត្រ ។ នារីខាងលើមានឈ្មោះ Ciara Gan បានប្រាប់ថា នាងមិនមែនជាអ្នកជំនាញអ្វីឡើយ តែនាងគ្រាន់តែចេះគូគំនូរ និង ច្នៃម៉ូដបន្តិចបន្តួច នៅពេលដែលមានមនុស្សម្នាពឹងឱ្យនាងជួយតែប៉ុណ្ណោះ ។
យ៉ាងណាមិញ សម្រាប់រ៉ូបដ៏ស្រស់ស្អាត ដែល Ciara Gan ទើបតែបង្ហាញនេះ គឺម្ដាយរបស់នាងបានទិញក្រណាត់មក ហើយមានបំណងឱ្យអ្នកផ្សេងជួយកាត់រ៉ូបជាកាដូសម្រាប់កូនស្រី តែ Ciara Gan បាននិយាយថា វាមិនស្អាតដូចស្នាដៃរបស់នាងទេ ដូច្នេះនាងក៏បានចាប់ផ្ដើមវាស់វែងកាត់ ទៅតាមអ្វីដែលនាងចង់បានរហូតក្លាយជារ៉ូបយ៉ាងស្រស់ស្អាត ប្រៀបបានដូចជាស្នាដៃរបស់អ្នកជំនាញយ៉ាងដូច្នេះដែរ ។
គួរបញ្ជាក់ថា ចំពោះស្នាដៃរបស់ Ciara Gan គឺកំពុងទទួលបានការចាប់អារម្មណ៍ និង កោតសរសើរខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Twitter ៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark