![កើតជំងឺចម្លែក លេបអ្វីចេះតែស្លាក់ ហូបបាយបានត្រឹមម្តងមួយគ្រាប់ ត្រឹមពេលដ៏ខ្លីស្រកអស់ ១៥ គីឡូ](https://www.popular.com.kh/wp-content/uploads/2024/05/SR3-5.jpg)
កើតជំងឺចម្លែក លេបអ្វីចេះតែស្លាក់ ហូបបាយបានត្រឹមម្តងមួយគ្រាប់ ត្រឹមពេលដ៏ខ្លីស្រកអស់ ១៥ គីឡូ
សារព័ត៌មាន Red Star News របស់ចិន បានរាយការណ៍ឱ្យដឹងពីបុរសម្នាក់ ដែលកើតជំងឺចម្លែក ធ្វើឱ្យហូបអ្វីមិនកើត លេបបាយបានត្រឹមម្តងមួយគ្រាប់ ហើយត្រឹមមួយប៉ប្រិចភ្នែកសោះ ស្រកដល់ទៅ ១៥ គីឡូក្រាម។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ បានសម្រេចចិត្តទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្រោយពី ៣ ឆ្នាំមុននេះ គេចាប់ផ្តើមមានអាការចម្លែក គឺឱ្យលេបអាហារចូលទៅ ក៏ចេះតែស្លាក់ និងក្អួតយ៉ាងធ្ងន់ធ្ងរ ហើយជួនកាលក៏ចុកទ្រូង ជាពិសេសគឺពេលលេបអាហាររឹងៗ ទើបធ្វើឱ្យលេបបាយបានត្រឹមម្តងមួយគ្រាប់ប៉ុណ្ណោះ រហូតស្រកទម្ងន់ពី ៧៥ គីឡូ មកនៅត្រឹម ៦០ គីឡូក្រាម។
យ៉ាងណាមិញ គ្រូពេទ្យបានពិនិត្យឃើញថា នេះជាជំងឺ Achalasia ដែលសាច់ដុំខាងក្រោមរបស់បំពង់អាហារមិនរីក ធ្វើឱ្យបំពង់អាហារពិបាកធ្វើការ និងធ្វើឱ្យអាហារជាប់ត្រឹមបំពង់-កផ្នែកខាងលើ មិនអាចចូលដល់ក្រពះបានឡើយ។ ជំងឺនេះ អាចធ្វើឱ្យអ្នកជំងឺឈឺចាប់ខ្លាំង ជាពិសេសនៅពេលញ៉ាំអាហារតែម្តង។
ដោយឡែក ក្រោយពិភាក្សាជាមួយអ្នកជំនាញរួចរាល់ហើយ គ្រូពេទ្យក៏បានសម្រេចចិត្តធ្វើការវះកាត់ Peroral Endoscopic Myotomy (POEM) ដោយការប្រើប្រាស់កាមេរ៉ាឆ្លុះតាមមាត់ចូលទៅ ដែលប្រើពេលប្រមាណ ១ ម៉ោង ហើយក្រោយពីវះកាត់ ២៤ ម៉ោង អ្នកជំងឺក៏អាចផឹកទឹកបាន ហើយមួយអាទិត្យក្រោយមកក៏ជាសះស្បើយជាធម្មតា៕