ចង់សងសឹកសង្សារចាស់! បុរសម្នាក់ យកឈ្មោះនាងទៅកុម្ម៉ង់អាហារថ្លៃៗ ៥០ មុខ ហើយទុកឱ្យនាងចេញលុយ
មហាជនពិតជាហួសចិត្តយ៉ាងខ្លាំង ទៅលើរឿងរ៉ាវមួយនៅប្រទេសទួកគី ដែលមានបុរសម្នាក់ ចង់សងសឹកនឹងសង្សារចាស់ លេងបន្លំឈ្មោះនាងទៅកុម្ម៉ង់អាហារជាង ៥០ មុខ ហើយទុកឱ្យនាងជាអ្នកចេញលុយដោយខ្លួនឯង។
តាមព័ត៌មានបានឱ្យដឹងថា គេបានឃើញអ្នកដឹកជញ្ជូនរាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅមុខកន្លែងអាផាតមិនមួយកន្លែងយ៉ាងចម្លែក រហូតធ្វើឱ្យអ្នកដំណើរដែលជិះកាត់ នាំគ្នាលើកទូរស័ព្ទថតដោយក្តីភ្ញាក់ផ្អើល និងងឿងឆ្ងល់។
រឿងរ៉ាវមួយនេះ បានផ្ទុះទៅជាព័ត៌មានពេញបណ្តាញសង្គមទួកគី ហើយអ្នកកាសែតក៏បានជីកឫសជីកគល់ទៅ ទើបដឹងថា នេះគឺជាការសងសឹករបស់បុរសម្នាក់ទៅកាន់សង្សារចាស់ ដោយបានបន្លំយកឈ្មោះនាង ទៅកុម្ម៉ង់អាហារយ៉ាងច្រើន ហើយដាក់នៅទីតាំងរបស់នាង ទុកឱ្យនាងជាអ្នកចេញលុយដោយខ្លួនឯង។
ក្នុងនោះ បុរសរូបនេះ ក៏បានដាក់លេខទូរស័ព្ទបន្លំទៀតផង ហើយហាងអាហារខ្លះក៏បានខលទៅសួរនាំ ឯហាងខ្លះក៏មិនបានសួរនាំ និងបានចាត់ចែងយកៗ ទើបធ្វើឱ្យមានអ្នកដឹកជញ្ជូនមកផ្តុំគ្នាជាច្រើននាក់នៅទីតាំងដែលបានដាក់នោះឯង។
យ៉ាងណាមិញ គ្មានហាងអាហារណាមួយ ដែលបានរាយការណ៍ទៅប៉ូលិសនោះទេ ព្រោះមិនដឹងថានរណាជាអ្នកធ្វើឱ្យប្រាកដ មានតែយកអាហារពីអ្នកដឹកជញ្ជូនមកវិញ ហើយក៏បោះចោលទៅ៕