ឃើញគេនាំគ្នាបាញ់លេងពេលចូលឆ្នាំ តាមពិតកាំភ្លើងបាញ់ទឹកនេះមានប្រវត្តិកកើតពីបុគ្គលម្នាក់ធ្លាប់ធ្វើការនៅអង្គការ NASA
កាំភ្លើងបាញ់ទឹក មានការនិយមលេងជាយូរណាស់មកហើយ ដោយដើមឡើយវាជាចំណូលចិត្តរបស់ក្មេងៗ តែមកទល់ពេលនេះក្មេងចាស់ប្រុសស្រីសុទ្ធតែនាំគ្នាលេងទាំងអស់ ជាពិសេសគឺក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ដែលកាំភ្លើងបាញ់ទឹកមានប្រជាប្រិយភាពខ្លាំង។
យ៉ាងណាមិញ បើនិយាយទៅដល់ប្រវត្តិវិញ តាមពិតទៅកាំភ្លើងបាញ់ទឹកនេះមានឈ្មោះដើមថា «Super Soaker»។ វាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ ដោយឧករណ៍កម្សាន្តចេញពីគំនិតច្នៃប្រឌិតឡើងរបស់អតីតវិស្វករជនជាតិអាមេរិករបស់អង្គការ NASA លោក Lonnie Johnson ដែលជាបុគ្គលដ៏ប៉ិនប្រសប់មួយរូប។ ថ្ងៃមួយ លោកកំពុងធ្វើការពិសោធន៍ទៅលើការផលិតប្រព័ន្ធទូទឹកកកដោយប្រើទឹក ហើយលោកក៏បានប្រើទុយោភ្ជាប់ជាមួយក្បាលរូប៊ីណេទឹកនៅក្នុងបន្ទប់ទឹកដើម្បីធ្វើការពិសោធន៍នោះ។
ស្រាប់តែចៃដន្យ លោកក៏ធ្លោយបាញ់ទឹកពេញបន្ទប់នោះ ទើបនឹកឃើញថា ថ្ងៃណាមួយលោកនឹងបង្កើតកាំភ្លើងបាញ់ទឹកឱ្យបាន។ ក្រោយមក ពេលលោកត្រឡប់មកធ្វើទាហានជើងអាកាស លោកក៏បានបង្កើតកាំភ្លើងបាញ់ទឹកមួយនៅក្នុងបន្ទប់ក្រោមដីរបស់ខ្លួន ដោយបង្កើតឡើងពីកញ្ចក់ plexiglass រួចហើយក៏បានឱ្យទៅកូនស្រីអាយុ ៧ ឆ្នាំលេង ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ក្មេងៗនៅក្នុងបន្ទាយ។ តាំងពីពេលនោះមក កាំភ្លើងបាញ់ទឹក Super Soaker របស់លោក Lonnie ក៏ចាប់ផ្ដើមមានអ្នកចាប់អារម្មណ៍ចង់បានច្រើន។
រហូតមកដល់ឆ្នាំ ១៩៩០ ដោយសារតម្រូវការផលិតមានច្រើន ហើយថែមទាំងអាចរកដៃគូផលិតបានទៀតនោះ កាំភ្លើងបាញ់ទឹក Super Soaker របស់ Lonnie Johnson ក៏ឈានដល់ការដាក់លក់លើទីផ្សារ។ យ៉ាងណាមិញ ក្នុងរយៈពេល ៣០ ឆ្នាំក្រោយមកនេះ កាំភ្លើងបាញ់ទឹក Super Soaker បានទទួលការពេញនិយមច្រើនណាស់ទូទាំងពិភពលោក វាត្រូវលក់បានជាង ២៥០ លានកាំភ្លើងទៅហើយ ឯចំណែកប្រាក់ចំណូលវិញ គឺមិនក្រោមពី ១០០០ លានដុល្លារនោះទេ៕