ធ្លាប់ឃើញគេអង្គុយលេងជុំជើងគ្នា តែមិនដឹងសោះថាបៀរ ៥២ សន្លឹកមានបង្កប់អត្ថន័យជ្រាលជ្រៅស្មានមិនដល់
សន្លឹកបៀរទាំង ៥២ សន្លឹក បានបម្រើអារម្មណ៍មនុស្សនៅជុំវិញពិភពលោក ក្នុងការលេងជាល្បែងកម្សាន្តមួយជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែតាមពិតវាមិនមែនត្រឹមតែជាល្បែងប៉ុណ្ណោះទេ វាត្រូវបានគេយកទៅប្រើប្រាស់នៅក្នុងការទស្សន៍ទាយ ចិត្តវិទ្យា និង គណិតវិទ្យាទៀតផង នេះក៏ព្រោះតែវាអត្ថន័យជ្រៀលជ្រៅ និង ប្រទាក់ក្រឡាគ្នាគួរឱ្យចាប់អារម្មណ៍។
បើនិយាយដល់អត្ថន័យវិញ បៀរមួយហ៊ូដែលមានរហូត ៥២ សន្លឹក មិនមែនគេចេះតែធ្វើនោះទេ ពោលគឺសន្លឹកទាំង ៥២ នោះគឺតំណាងឱ្យ ៥២ សប្តាហ៍ដែលមានក្នុង ១ ឆ្នាំ។ ក្នុងនោះ សន្លឹកបៀរទាំង ៥២ នេះទៀតសោត ក៏បែកចែកជា ៤ ឈុត ឬ ទឹកបៀរ ប៊ិក កឺ ការ៉ូ និង ជួង ដែល ៤ ឈុតនេះ គឺតំណាងឱ្យបួនរដូវ មានដូចជា រដូវប្រាំង រដូវវស្សា រដូវរំហើយ និង រដូវរងា។
ក្នុងមួយឈុតមាន ១៣ សន្លឹក ត្រូវបានគេជឿថាតំណាងឱ្យវដ្តទាំង ១៣ ដំណាក់របស់ព្រះចន្ទ ឬក៏ ១៣ សប្តាហ៍ក្នុងរដូវនីមួយៗ។ ចំណែកពណ៌ទាំងពីររបស់សន្លឹកបៀរដែលមានពណ៌ខ្មៅ និង ពណ៌ក្រហម គឺតំណាងឱ្យពេលយប់ និង ពេលថ្ងៃ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ បើសិនជាគេយករូបសញ្ញាទាំងអស់របស់សន្លឹកបៀរ មកបូកចូលគ្នាទៀតនោះ គឺវាស្មើនឹងចំនួន ៣៦៥ ទៀតផង ដែលស្មើនឹង ១ ឆ្នាំនេះឯង។
យ៉ាងណាមិញ យើងឃើញថាសន្លឹកបៀរពិតជាមានអត្ថន័យជ្រៀលជ្រៅ ដែលតំណាងឱ្យដំណើរប្រព្រឹត្តទៅនៃធម្មជាតិ គឺដំណើររបស់ថ្ងៃខែក្នុងមួយឆ្នាំៗ។ សន្លឹកបៀរ គឺពិតជាមានប្រយោជន៍លើសពីល្បែង បើសិនជាយើងរៀនយល់ និង ប្រើទៅតាមអត្ថន័យពិតរបស់វា៕