(វីដេអូ) គួរឱ្យអាណិតណាស់! កើតមកមានជំងឺកម្រ ដុះដុំសាច់ពេញទាំងខ្លួន ដេកដើរឈរអង្គុយពិបាកគ្រប់សព្វ សូម្បីដកដង្ហើមក៏ពិបាក
ស្ត្រីម្នាក់ បានកើតមានជំងឺកម្រមួយ ដែលបណ្ដាលឱ្យរូបរាងកាយរបស់នាងដុះដុំសាច់តូចធំជាច្រើនពាសពេញទាំងខ្លួន រហូតដល់ថ្នាក់នាងសម្រេចចិត្តត្រូវធ្វើដំណើរវែងឆ្ងាយ ដើម្បីវះកាត់ដុំសាច់ទាំងនោះចេញ ព្រោះតែនាងមិនអាចដកដង្ហើម ញ៉ាំ និយាយ ឬក៏ដើរបានស្រួលដូចជាមនុស្សទូទៅ។
ស្ត្រីរូបនោះ ត្រូវបានស្គាល់ឈ្មោះថា Charmaine Sahadeo អាយុ ៤២ ឆ្នាំ មកពីតំបន់ Chaguanas ប្រទេស Trinidad បានកើតមានជំងឺកម្រម្យ៉ាង ដែលគេហៅថា «NF-1 neurofibromatosis»។ តាមលោកស្រី Sahadeo បានឱ្យដឹងថា ដុំសាច់ទាំងនោះ បានដុះលើក្បាល ក្នុងមាត់ ពាសពេញផ្ទៃមុខ ដៃជើង ដើមទ្រូង និងតាមកន្លែងពិសេសលើរាងកាយរបស់លោកស្រីទាំងអស់។ ដុំសាច់ទាំងនោះ គឺដុះច្រើនខ្លាំង បើនៅត្រង់តំបន់ច្រមុះវិញ គឺដុះសឹងតែជិតច្រមុះទៅហើយ ធ្វើឱ្យគាត់សឹងតែមិនអាចដកដង្ហើមបាន។
បើនៅត្រង់ជើងវិញ គឺមានដុះដុំសាច់យ៉ាងធំ ធ្វើឱ្យគាត់មិនអាចដើរបានលើសប៉ុន្មានជំហាននោះឡើយ ហើយនៅពេលត្រូវបត់ជើងតូចជើងធំ គឺគាត់ត្រូវចាប់ទាញដុំសាច់ទាំងនោះចេញ ដើម្បីអាចអង្គុយបាន។ ចំពោះមាត់វិញ ដុំសាច់គឺដុះនៅខាងក្នុង ធ្វើឱ្យគាត់ពិបាកញ៉ាំ និងនិយាយ។ ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរបែបនេះហើយ ទើបលោកស្រី Sahadeo មានការភ័យខ្លាចខ្លាំង ខ្លាចថ្ងៃណាមួយគាត់ដកដង្ហើមលែងបាន មិនអាចស្រែកហៅគេឱ្យជួយ និងចុងក្រោយត្រូវស្លាប់តែម្នាក់ឯង។
បើទោះបីជាមានការភ័យខ្លាចខ្លាំងយ៉ាងណា ប៉ុន្តែចុងក្រោយលោកស្រី Sahadeo នៅតែសម្រេចចិត្តជម្នះទទួលការវះកាត់ ហើយក្រោយការព្យាយាមអស់ពីសមត្ថភាពរបស់គ្រូពេទ្យ រាងកាយរបស់លោកស្រី Sahadeo ក៏បានប្រសើរជាងមុនច្រើន បើទោះបីជាវាមិនអាចវិលមកដូចមនុស្សទូទៅធម្មតាក៏ពិតមែន៕