និស្សិតម្នាក់កើតជំងឺចម្លែក ចេះតែលង់សម្រស់ខ្លួនឯង គិតថាខ្លួនឯងសង្ហាខ្លាំង រហូតដល់ថ្នាក់ដេកលែងលក់
បុរសម្នាក់ឈ្មោះ Liu ជានិស្សិតឆ្នាំទី ២ ប្រចាំមហាវិទ្យល័យ Jiangsu ប្រទេសចិន កើតមានអាការចម្លែក ដោយតែងតែគិតថា ខ្លួនឯងសង្ហាខ្លាំងដូចទេវបុត្រ ហើយស្រីៗក្នុងថ្នាក់ងប់ងល់នឹងសម្រស់គេគ្រប់ៗគ្នា។
អាការដ៏ចម្លែករបស់ Liu នេះ ចាប់ផ្ដើមកើតមានឡើងនៅដើមខែកុម្ភៈ កន្លងទៅ ដោយសូម្បីតែពេលនៅម្នាក់ឯង រូបគេក៏មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដែរ ដោយមានការឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯងជាខ្លាំង រហូតសូម្បីដេកក៏គិត ដេកមិនដែលបានលក់ស្កប់ស្កល់ដូចគេឯង។ ជំងឺចម្លែករបស់ Liu កាន់តែវិវដ្តធ្ងន់ធ្ងរទៅៗ រហូតដល់ថ្នាក់រូបគេចាប់ផ្ដើមបង្ហាញក្ដីស្រឡាញ់ទៅស្រីៗជាច្រើនក្នុងសាលា និង ថែមទាំងបង្កជាបញ្ហាក្នុងថ្នាក់ ហើយបញ្ចេញទង្វើមិនគប្បីទៀតផង។
រហូតមកដល់ចុងខែមីនាកន្លងទៅ ក្រុមគ្រួសាររបស់ Liu ក៏បាននាំគេទៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ហើយគ្រូពេទ្យក៏បានរកឃើញថា Liu មានជំងឺផ្លូវចិត្តមួយហៅថា «Love Delusional Disorder»។ ជាក់ស្ដែង បើតាមវេជ្ជបណ្ឌិត Lu Zhenjiao ដែលជាអ្នកព្យាបាល Liu ផ្ទាល់ បាននិយាយថា នៅពេលដែល Liu មកដល់ពេទ្យលើកដំបូង គេតែងតែនិយាយដដែលៗថា ស្រីៗទាំងអស់ក្នុងសាលាស្រឡាញ់គេគ្រប់គ្នា។ គេក៏តែងតែគិតថា គេជាបុរសសង្ហាជាងគេម្នាក់នៅក្នុងសាលាផងដែរ។ ដោយសារតែអាការរំភើបងប់ងល់នឹងខ្លួនឯងនេះហើយ បានធ្វើឱ្យ Liu បាត់បង់ការផ្ដោតអារម្មណ៍ក្នុងការសិក្សា។
តាមគ្រូពេទ្យបានបញ្ជាក់ដែរថា ជំងឺ «Love Delusional Disorder» ជាធម្មតាតែងកើតមានឡើងនៅនិទាឃរដូវ ចាប់ពីខែមីនា ដល់ខែមេសា។ អាកាសធាតុប្រែប្រួល បានបណ្ដាលឱ្យកម្រិតអរម៉ូនក្នុងរាងកាយមានការប្រែប្រួលដែរ ធ្វើឱ្យមនុស្សដែលកើតមានអាការជំងឺនេះ មានអារម្មណ៍រំភើបពុះកញ្ជ្រោល និង ក្នុងពេលជាមួយគ្នានោះ អារម្មណ៍ផ្លូវភេទក៏កើតមានដំណាលគ្នាដែរ រហូតករណីធ្ងន់ធ្ងរ អ្នកដែលមានអាការនេះ បង្ហាញទង្វើមិនសមរម្យទៅលើអ្នកជុំវិញខ្លួន ដូចករណី Liu ជាដើម។