ខឹងចិត្តសង្សារសុំបែក លេងពួយលួចគាស់ចានបង្គន់ខាងស្រីយកទៅស្រស់ៗ ទុកជាការសងសឹក
ថ្មីៗនេះ មាននារីជនជាតិអាមេរិកម្នាក់ បានចែករំលែករឿងរ៉ាវដ៏ហួសចិត្ត ទាក់ទងនឹងការសងសឹករបស់សង្សារចាស់ ដែលនឹកឃើញលួចគាស់ចានបង្គន់នាងទៅ ក្រោយពីបានបែកគ្នាមិនបានប៉ុន្មានផង។
នាងបានរៀបរាប់ថា នាងទើបតែបែកគ្នាពីសង្សារ ហើយនាងគិតថាការបែកនេះ ជាការបែកដោយល្អ ព្រោះខាងប្រុសបានរើខោអាវ ឬអីវ៉ាន់ចេញពីផ្ទះនាងតាមសម្រួល។ ពេលដែរលដាច់ស្រេចគ្នាហើយ នាងក៏ទៅក្នុងបន្ទប់ ហើយក៏ជ្រុលដេកលក់ទៅ តែពេលងើបមកវិញ នាងក៏បានដើរចូលទៅបន្ទប់ទឹកបម្រុងនឹងបត់ជើង ក៏ស្រាប់តែបាត់ស្រមោលចានបន្គន់ ធ្វើឱ្យនាងភ្ញាក់ផ្អើលផង ហួសចិត្តផង។
យ៉ាងណាមិញ នាងដឹងច្បាស់ថានេះប្រាកដជាស្នាដៃរបស់សង្សារចាស់នោះឯង ហើយមូលហេតុដែលគេលួចទៅបានយ៉ាងស្រួលបែបនេះ ព្រោះគេជាជាងទឹកដែលមានជំនាញច្បាស់លាស់មួយរូប។ នាងបានឱ្យដឹងទៀតថា មូលហេតុដែលបែកគ្នានោះ ព្រោះតែគេជាមនុស្សរិះកំណាញ់ពេក ពោលគឺគេមិនដែលជួយនាងចេញថ្លៃទឹកភ្លើងទាល់តែសោះ ខណៈនៅជាមួយគ្នា។
ដោយឡែក ដោយសារតែផ្ទះគ្មានបង្គន់ នាងក៏ត្រូវរត់ចុះរត់ឡើងទៅចូលបន្ទប់ទឹកហាងអាហារនៅជិតផ្ទះ ទម្រាំតែហៅជាងមកដាក់បង្គន់ថ្មីឱ្យបាន។ ចំណែកមហាជនវិញ ពិតជាអស់សំណើចមិនតិចនោះទេចំពោះរឿងរ៉ាវនេះ ព្រោះមិននឹកស្មានថាខាងប្រុសចេះនឹកឃើញវិធីសងសឹកបានដោយងាយៗបែបនេះឡើយ៕