យុវវ័យនៅកូរ៉េ នាំគ្នាផ្អើលទិញដុំថ្មយកមកចិញ្ចឹមដូចសត្វ ព្រោះជឿថាជួយឱ្យមានអារម្មណ៍មិនសូវឯកោ
ថ្មីៗនេះ សារព័ត៌មាន The Wall Street Journal បានចេញផ្សាយអត្ថបទមួយ រៀបរាប់ពីរឿងរ៉ាវរបស់នារីវ័យ ៣០ ឆ្នាំម្នាក់នៅប្រទេសកូរ៉េខាងត្បូង មានរបរជាបុគ្គលិកក្រុមហ៊ុន រស់នៅតែម្នាក់ឯងក្នុងទីក្រុងសេអ៊ូល។ នារីរូបស្រស់នេះដែរ ត្រូវបានមិត្តភក្តិឱ្យដុំថ្មយកមកចិញ្ចឹមក្នុងផ្ទះកាលពីខែវិច្ឆិកាកន្លងទៅ ហើយនាងក៏បានទម្លាយថា អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្ដូរ ក្រោយនាងទទួលបានថ្មនោះ។ តាមការរៀបរាប់ នាងបាននិយាយថា ការរក្សាទុកថ្មដូចជាសត្វចិញ្ចឹម បានធ្វើឱ្យនាងលែងសូវមានអារម្មណ៍ឯកាដូចមុន។
គួរឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋក្នុងប្រទេសកូរ៉េខាងត្បូង គឺមានការមមាញឹកការងារច្រើន ដែលជាហេតុធ្វើឱ្យពួកគេទទួលរងសម្ពាធខ្លះៗ និងត្រូវស្វែងរកវិធីសាស្ត្រមួយចំនួន ដើម្បីជួយឱ្យពួកគេសម្រាកអារម្មណ៍បាន។ ក្នុងនោះដែរ វិធីសាស្ត្រខ្លះក៏ចម្លែកៗមិនធ្លាប់បានឃើញពីមុន ដូចជាការដាក់ខ្លួនឯងដេកក្នុងមឈូស រៀបចំពិធីបុណ្យសពក្លែងក្លាយឱ្យខ្លួនឯង ការឃុំខ្លួនឯងមិនចេញទៅណាជាដើម។
ដោយឡែកឥលូវនេះ វិធីសាស្ត្រដ៏កំពុងពេញនិយមមួយទៀត ដែលយុវវ័យនៅកូរ៉េកំពុងតែផ្ទុះផ្អើលខ្លាំង គឺការទិញដុំថ្មយកមកទុកក្នុងផ្ទះចិញ្ចឹមដូចជាសត្វ។ ចំពោះតម្លៃនៃដុំថ្មទាំងនោះដែរ ក៏មិនជាថោកប៉ុន្មាននោះដែរ ដោយដុំថ្មមានសភាពរលោករាងមូល ជាធម្មតាលក់ក្នុងតម្លៃចន្លោះពី ៧.៥ ទៅ ១១ ដុល្លារ នេះមិនរាប់បញ្ចូលគ្រឿងតុបតែងលម្អថ្ម ដូចជា វ៉ែនតា មួក កន្សែងបង់ក ជាដើមផង៕