ចាយពេល ២ ខែ ច្នៃឡានកូនកាត់យន្តហោះ ចុងក្រោយមិនទាន់បានជិះផង ប៉ូលិសរឹបអូសយកបាត់
បុរសម្នាក់ សល់ត្រឹមការខកចិត្ត ក្រោយចាយប្រាក់ និងកម្លាំងទាំងយប់ទាំងថ្ងៃរយៈពេល ២ ខែក្នុងការកែច្នៃកូនឡានរបស់ខ្លួនឱ្យទៅជាឧទ្ធម្ភាគចក្រក្នុងក្ដីស្រមៃ ប៉ុន្តែចុងក្រោយបែរជាត្រូវប៉ូលិសរឹបអូសយកបាត់។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនោះមានឈ្មោះ Ishwar Deen បានចំណាយប្រាក់ចំនួន ២៥ ម៉ឺនរ៉ូពី (៣ ពាន់ដុល្លារ) ដើម្បីធ្វើការកែច្នៃកូនឡានរបស់ខ្លួន ទៅជាឧទ្ធម្ភាគចក្រក្នុងក្ដីស្រមៃ។ លោក និង បងប្អូនប្រុសរបស់លោកម្នាក់ទៀតឈ្មោះ Parmeshwar បានធ្វើការទាំងថ្ងៃទាំងយប់រយៈពេល ២ ខែ ថែមកន្ទុយ ថែមស្លាបទៅលើកូនឡានរបស់ខ្លួន។ ក្រោយកែច្នៃបានរួចរាល់ រូបលោក ក៏បានយកឡានកាត់ឧទ្ធម្ភាគចក្រនោះ ទៅកន្លែងជាងក្នុងតំបន់ ដើម្បីឱ្យគេបាញ់ថ្នាំពណ៌ឱ្យ ប៉ុន្តែជាសំណាងអាក្រក់ បែរជាត្រូវប៉ូលិសឃាត់ទុកនៅទីនោះតែម្ដង។
តាមព័ត៌មានបានឱ្យដឹងទៀតថា ប៉ូលិសបានធ្វើការឃាត់ទុកឡានកែច្នៃរបស់លោក ដោយចោទថាខុសច្បាប់យានយន្តក្នុងប្រទេស និងថែមពិន័យលោកជាសាច់ប្រាក់ចំនួន ២ ពាន់រ៉ូពី (២៤ ដុល្លារ) ថែមទៀត។ គួរឱ្យដឹងថា បុរសជាម្ចាស់ឡាន បានទទូចសុំឡានកែច្នៃរបស់ខ្លួនមកវិញ ដោយលើកឡើងហេតុផលថា លោកកែច្នៃនេះ មិនមែនសម្រាប់ជិះតាមផ្លូវប្រចាំថ្ងៃឡើយ ប៉ុន្តែច្នៃឡើងគ្រាន់ចង់ទុកសម្រាប់ជួលឱ្យអ្នកធ្វើកម្មវិធីពិសេសនានា ដូចជាពិធីរៀបការអីជាដើម។
យ៉ាងណាមិញ ប៉ូលិសក៏បានបញ្ជាក់តបថា ប្រសិនបើចង់បានឡានត្រឡប់ទៅវិញ លុះត្រាតែលោកព្រមរុះដោះកន្ទុយ និងស្លាបយន្តហោះចេញ ឱ្យដូចជាឡានធម្មតាវិញ៕ ទស្សនាវីដេអូនៅទីនេះ