ចម្លែកបំផុតមិនធ្លាប់មាន! អ្នកវិទ្យាសាស្ត្រ ប្រទះឃើញផ្សិតដុះលើសត្វកង្កែបទាំងនៅរស់រវើក
អ្នកវិទ្យាសាស្ត្រ នាំគ្នាស្រឡាំងកាំង ក្រោយបានប្រទះឃើញផ្សិតពណ៌ប្រផេះតូចមួយ បានដុះចេញពីខ្នងរបស់សត្វកង្កែបពណ៌លឿងមួយក្បាល ដែលនៅរស់រវើកធម្មតា។
តាមការចេញផ្សាយរបស់ IFL Science កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ អ្នកជំនាញពីខាងអង្គការ WWF ប្រចាំប្រទេសឥណ្ឌា បានរកឃើញករណីដំបូងមិនធ្លាប់មានពីមុន ដែលផ្សិតដុះលើសត្វកង្កែបដែលនៅរស់។ តាមអ្នកជំនាញជឿជាក់ថា ផ្សិតពណ៌ប្រផេះតូចនោះ គឺជាពូជនៃពពួកផ្សិត Mycena។ យ៉ាងណាមិញ ចំពោះរឿងហេតុដែលផ្សិតនោះអាចដុះលើខ្នងសត្វកង្កែបរស់បានដោយរបៀបណានោះ ខាងអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់បានដឹងប្រាកដនោះដែរ។
គួរបញ្ជាក់ថា សត្វកង្កែប និង ផ្សិត ជាញឹកញាប់តែងតែនៅក្បែរគ្នា ដោយពួកវា បន្ស៊ាំខ្លួនរស់នៅបានយ៉ាងល្អក្នុងមជ្ឈដ្ឋានសើម។ បើនិយាយពីស្បែកកង្កែបវិញ ជាធម្មតាគឺវាអាចការពារពីការយាយីរបស់សត្រូវបានល្អណាស់។ យ៉ាងណាមិញ អ្នកជំនាញ ជឿជាក់ថា ផ្សិតដែលអាចដុះលើកង្កែបនោះ អាចនឹងដុះលូតលាស់បានតាមស្នាមរបួស ឬ ការឆ្លងរោគអ្វីមួយ៕