លោកអាចារ្យដេញពេលាឱ្យហែកូនក្រមុំម៉ោង ២ រំលងអាធ្រាត្រ ហែយូរៗទៅ ព្រឺសម្បុរទៅៗ
មហាជននៅតាមបណ្តាញសង្គមចិនមួយចំនួន កំពុងតែនាំគ្នាព្រឺសម្បុរទៅនឹងមង្គលការមួយ ដែលនាំគ្នាហែកូនក្រមុំនៅម៉ោង ២ យប់រំលងអាធ្រាត្រ ខណៈបរិយាកាសស្ងាត់ជ្រងំ ងងឹតឈឹងមិនគួរឱ្យអបអរសោះ ព្រោះដូចនៅក្នុងរឿងខ្មោច។
តាមព័ត៌មានបានឱ្យដឹងថា កូនកំលោះក្រមុំមួយគូនេះ មកពីខេត្ត Fujian ហើយនៅក្នុងថ្ងៃមង្គលការនោះ ក្រោយពីកូនក្រមុំតែងខ្លួនហើយនៅម៉ោង ២ យប់ ខាងកូនកំលោះក៏យកក្បួនមកដង្ហែនាងទៅចូលពិធីភ្លាមៗតែម្តង ដោយមានគ្រែស្នែង និង បងប្អូនញាតិមិត្តចាំជួយសែងជាច្រើននាក់។
យ៉ាងណាមិញ ការហែកូនក្រមុំហាក់មិនបានស្រួលឡើយ ព្រោះមានភ្លៀង និង ព្រិលធ្លាក់តិចៗតាមផ្លូវរហូត ជាពិសេសជាមួយបរិយាកាសនៅម៉ោង ២ យប់ ងងឹតឈឹងបែបនេះទៀត ធ្វើឱ្យក្បួនមួយនេះ មើលទៅដូចជានៅក្នុងរឿងខ្មោចបុរាណចិនដូច្នោះឯង ឃើញហើយអត់ព្រឺសម្បុរមិនបានឡើយ។
ដោយឡែក សម្រាប់មូលហេតុដែលគេរើសពេលាមង្គលការពេលយប់បែបនេះ ភាគច្រើនមកពីទំនៀមទម្លាប់ក្នុងតំបន់ ដោយតំបន់ខ្លះជឿថាការហែកូនក្រមុំនៅពេលយប់អាចឱ្យបញ្ចៀសរឿងអពមង្គលដល់កូនកំលោះកូនក្រមុំបាន ឯតំបន់ខ្លះទៀតជឿថា ការរៀបការពេលយប់អាចជួយឱ្យកូនកំលោះកូនក្រមុំមានសុភមង្គលផងដែរ៕