ឃើញពស់ឆ្លងថ្នល់ ចិត្តល្អឈប់ម៉ូតូឱ្យឆ្លង តែវាបែរងាកមកខាំវិញ ខឹងចិត្តពេកស្ទុះទៅខាំតស៊ូជាមួយពស់យ៉ាងចាស់ដៃ
មហាជនកំពុងហួសចិត្តផង អស់សំណើចផង ជាមួយនឹងរឿងរ៉ាវរបស់បុរសម្នាក់ដែលខំចិត្តល្អឈប់ម៉ូតូឱ្យសត្វពស់ឆ្លងថ្នល់ តែមិនបានបុណ្យ វាបែរជាងាកមកខាំរហូតដល់ខឹងចិត្តចុះទៅខាំតស៊ូជាមួយវាវិញ ទាល់តែចូលពេទ្យខ្លួនឯង។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសហ្វីលីពីន ដោយបុរសរូបនេះបានជិះម៉ូតូនៅម៉ោង ២ អាធ្រាត្រ ស្រាប់តែឃើញពស់មួយក្បាល ប្រវែងប្រហែល ៣ ម៉ែត្រ ក្បាលធំ កំពុងវារឆ្លងថ្នល់ ទើបសុខចិត្តឈប់ម៉ូតូឱ្យវាឆ្លងឱ្យស្រួល។ ក្នុងនោះ បុរសរូបនេះហាក់ចម្លែកចិត្ត ព្រោះមិនឃើញសត្វពស់ឆ្លងមក តែទៅគិតអីវាស្រាប់តែវាហក់ខាំដៃ ធ្វើឱ្យរបួសភ្លាមៗ ហើយថែមទាំងបានព្យាយាមរឹតខ្លួនទៀត ទើបធ្វើឱ្យបុរសរូបនេះ សម្រេចតស៊ូជាមួយវាវិញ ដោយបានខាំក្បាលវារហូតដល់ជាង ១០ នាទី រហូតទាល់តែវាអស់ខ្យល់តែម្តង។
យ៉ាងណាមិញ ចុងក្រោយបុរសរូបនេះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ព្រោះអស់ឈាមជាច្រើន ហើយក៏មានដឹងខ្លួនយ៉ាងមានសុវត្ថិភាពនៅថ្ងៃបន្ទាប់ ចំណែកសត្វពស់ក៏ត្រូវបានអ្នកស្រុកនាំគ្នាយកទៅកក្លែម ព្រោះជាពស់មិនមានពិសនោះទេ៕
ប្រភព៖ World Forum