ចម្លែកណាស់! ភូមិដាច់ស្រយាលមួយនៅចិន ពលរដ្ឋកើតមកតឿទាំងអស់
បើនិយាយដល់តំបន់ Sizhong ខេត្ត Sichuan ប្រទេសចិន គឺជាតំបន់ដ៏ទាក់ទាញមួយ ដែលពោរពេញទៅដោយសំណង់បុរាណៗ ទេសភាពស្រស់បំព្រង ចំណែកមនុស្សវិញក៏ល្អរួសរាយរាក់ទាក់។ យ៉ាងណាមិញ ក្នុងតំបន់មួយនោះ ក៏មានភូមិដ៏ពិសេសមួយ ដែលជាភូមិមនុស្សតឿ។
ភូមិដ៏អស្ចារ្យមួយនេះដែរ តាមឱ្យដឹង មនុស្សជំទង់ មានកម្ពស់ជាមធ្យមពី ៨០ ទៅ ១២០ សង់ទីម៉ែត្រប៉ុណ្ណោះ ហើយចំពោះមូលហេតុដែលបណ្ដាលឱ្យពួកគេមានកម្ពស់ប្រហាក់ប្រហែលគ្នានេះ នៅមិនទាន់មានការបកស្រាយឱ្យច្បាស់ការនៅឡើយនោះទេ។ ទោះជាយ៉ាងណា បើតាមសារព័ត៌មាន Sohu មនុស្សធ្លាប់និយាយតៗគ្នាពីមាត់មួយទៅមាត់មួយថា ក្នុងអំឡុងឆ្នាំ ១៩៣០ ភូមិមួយនេះ ត្រូវបានព្យុះបោកបក់ភ្លាមៗទាំងយប់។ អ្នកភូមិទាំងអស់ ក្រោយមកក៏នាំគ្នាកើតមានបញ្ហាឈឺឆ្អឹងឈឺសន្លាក់ ឈឺសាច់ដុំជើងខុសធម្មតា។
ក្រោយមកទៀត ក្មេងៗ ដែលស្ថិតក្នុងដំណាក់កាលលូតលាស់ ក៏ចាប់ផ្ដើមចេញសញ្ញាផ្លាស់ប្ដូររូបរាងកាយ ជាពិសេសក្មេងៗអាយុ ៣ ទៅ ៤ ឆ្នាំ។ លលាដ៍ក្បាល និង គន្លាក់ឆ្អឹងក្នុងរាងកាយ បានប្រែជាក្រាស់ និង រឹងមាំ ប៉ុន្តែឈប់លែងមានការលូតលាស់តទៅទៀត។ នៅពេលនោះដែរ អ្នកភូមិគិតថា ពួកគេកើតមានជំងឺឆ្លងអ្វីម្យ៉ាង ប៉ុន្តែរកប្រភពជំងឺមិនឃើញសោះ រហូតបញ្ហាលូតលាស់រូបរាងខុសប្រក្រតីនេះ បានរាលដាលពេញទាំងភូមិ។
យ៉ាងណាមិញ បើតាមអ្នកជំនាញនាពេលបច្ចុប្បន្ន បានប៉ាន់ស្មានថា អំឡុងពេលជួបគ្រោះធម្មជាតិក្នុងឆ្នាំ ១៩៣០ នោះ អាហារដែលស្តុកទុកក្នុងភូមិ បានប្រែជាដុះផ្សិត។ នៅពេលនោះ ការធ្វើដំណើរមានការកកស្ទះ ផ្លូវក៏ពិបាកធ្វើដំណើរ ហើយការសង្គ្រោះក៏មានការលំបាកទៀត ដូច្នេះ អ្នកភូមិ អាចប្រើប្រាស់អាហារស្តុកដែលដុះផ្សិតទាំងនោះ ដើម្បីបំពេញក្រពះរបស់ពួកគេ។
អ្នកជំនាញបានឱ្យដឹងទៀតថា អាហារដែលដុះផ្សិតទាំងនោះ អាចកើតចេញពីផ្សិតម្យ៉ាងហៅថា Fusarium។ ប្រសិនបើមនុស្សញ៉ាំអាហារដែលមានផ្សិតទាំងនេះ វានឹងរារាំងនៃការលូតលាស់ជាលិកាឆ្អឹងខ្ចី ដែលប៉ះពាល់ដល់ការលូតលាស់របស់រាងកាយ។ បន្ថែមពីនេះ ប្រសិនបើទទួលទានអាហារមានផ្សិតបែបនេះ ក្នុងរយៈពេលយូរ វានឹងបំផ្លាញឆ្អឹង ដែលបណ្ដាលឱ្យវាលូតលាស់ខុសប្រក្រតី រហូតក្លាយជាមនុស្សតឿបែបនេះ៕