តាអាចារ្យរើសថ្ងៃមង្គលចំថ្ងៃកូនក្រមុំប្រឡង មានអីសរសេរដាច់ដៃចោល រួចប្រញាប់រត់ទៅចូលរោងវិញ
ពិតជារឿងស្លន់ស្លោររកថាមិនត្រូវឡើយ សម្រាប់កូនក្រមុំម្នាក់ ដែលត្រូវប្រឡងចំថ្ងៃចូលរោងការ ខំប្រឹងសរសេរសឹងដាច់ដៃ ព្រោះត្រូវទៅពិធីឱ្យទាន់ពេល។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសវៀតណាម ដោយព័ត៌មានបានឱ្យដឹងថា កូនក្រមុំរូបនេះ ត្រូវប្រឡងបញ្ចប់សកលវិទ្យាល័យ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ចំថ្ងៃចូលរោងការរបស់ខ្លួន។ ដូច្នេះហើយ ដើម្បីឱ្យឆាប់បានរៀនចប់ នាងមិនបានបោះបង់ចោលការប្រឡងនោះទេ ហើយជាសំណាងល្អ ខាងសាលាបានបើកការប្រឡងអនឡាញ ទើបនាងមកអង្គុយប្រឡងទាំងរ៉ូបកូនក្រមុំបែបនេះ។
ក្នុងនោះ មើលទៅហាក់ស្លន់ស្លោមិនតិចដែរ ព្រោះនាងត្រូវតែងខ្លួនឱ្យរួចរាល់ហើយមុនពេលប្រឡង ហើយពេលប្រឡងក៏ត្រូវឱ្យហើយទាន់ម៉ោងចូលពិធីទៀត។ នាងបានឱ្យដឹងថា ខាងគ្រូៗពិតជាភ្ញាក់ផ្អើលមិនតិចនោះទេ អ្នកទៀតក៏លួចសើចដែរ នៅពេលដែរឃើញនាងមកអង្គុយប្រឡងទាំងឈុតកូនក្រមុំបែបនេះ តែនាងមិនខ្វល់ឡើយ ដឹងត្រឹមតែប្រឹងសរសេរឱ្យហើយ នឹងអាលរត់ទៅចូលរោងការប៉ុណ្ណោះ។
យ៉ាងណាមិញ ចុងក្រោយនាងក៏បានបញ្ចប់ការប្រឡងចប់ ទាន់ចំពេលខាងគ្រួសាររបស់ខាងប្រុសមកទទួលទៅចូលពិធី ដែលធ្វើឱ្យនាងបានចូលរោងការជាមួយនឹងកូនកំលោះជាទីស្រឡាញ់យ៉ាងស្រួលចិត្ត៕