រៀបការសុទ្ធតែក្នុងសណ្ឋាគារល្បី ដល់ភ្ញៀវចូលតុបែរគ្មានម្ហូប ចែកតែបាយពងទាចៀនឱ្យម្នាក់មួយប្រអប់ឆ្កុយៗ
មហាជនកំពុងតែហួសចិត្តជាខ្លាំងជាមួយនឹងពិធីមង្គលការមួយ ដែលរៀបចំឡើងសុទ្ធតែក្នុងសណ្ឋាគារ តែបែរជាគ្មានម្ហូបឱ្យភ្ញៀវបានត្រឹមតែចែកបាយពងទាចៀនឱ្យម្នាក់មួយប្រអប់ ហើយឱ្យអង្គុយហូបមើលមុខគ្នាភ្លឹះៗ។
រឿងរ៉ាវមួយនេះ ត្រូវបានគេចែកចាយនៅក្នុងប្រទេសចិន ដោយក្នុងរូបភាពបានបង្ហាញឱ្យឃើញពីភ្ញៀវជាច្រើននាក់កំពុងតែអង្គុយជុំគ្នានៅតុដើម្បីរង់ចាំម្ហូបអាហារ តែបែរជាមិនឃើញគេលើកម្ហូបយកមក ម្តងមួយមុខៗដូចជារោងការផ្សេងៗឡើយ បែរបានត្រឹមបាយប្រអប់ក្នុងមួយប្រអប់ម្នាក់ប៉ុណ្ណោះ។
ក្នុងបាយនោះទៀត មានតែពងទាចៀន និង ឆាបន្លែបន្តិចបន្តួច មើលទៅជាបាយប្រអប់ធម្មតាដែលគេខ្ចប់ហូបទូទៅប៉ុណ្ណោះ មិនសមជាម្ហូបយកមកទទួលភ្ញៀវក្នុងរោងការបន្តិចសោះឡើយ។ ឯភ្ញៀវៗទាំងឡាយទទួលបាយហើយមិនដឹងធ្វើយ៉ាងណា ក៏អង្គុយហូបជាមួយគ្នាភ្លឹះៗដោយការហួសចិត្ត ព្រមទាំងមិននឹកស្មានថាម្ចាស់កម្មវិធីដល់ថ្នាក់ធ្វើបែបនេះ។
យ៉ាងណាមិញ មហាជនក៏ហួសចិត្តមិនចាញ់គ្នានោះដែរ តែក៏មានអ្នកខ្លះទៀតយល់ឃើញថា បាយប្រអប់នេះ អាចគ្រាន់តែគេយកមកឱ្យទ្រាប់ពោះសិនក៏ថាបាន រីឯភ្ញៀវទាំងនេះអាចថាជាក្រុមញាតិមិត្តដែលមកជួយចាត់ចែងពិធី ទើបគេចែកបាយប្រអប់ឱ្យញ៉ាំបែបនេះ៕