ស្មានថាបានសង្សារស្អាត ហើយមាន ខំប្រញាប់រៀបការ ចុងក្រោយដាច់ផ្ងារ តាមពិតជាប្រុសក្លែងក្លាយ
ថ្មីៗនេះ ស្រ្តីជនជាតិឥណ្ឌូនេស៊ីវ័យ ៥៨ ឆ្នាំម្នាក់ បានចេញមុខទម្លាយរឿងរ៉ាវមិននឹកស្មានរបស់ខ្លួន តាំងពី ២០ ឆ្នាំមុន ដែលចាញ់បោកសង្សារ ស្មានតែជាមនុស្សប្រុស ខំប្រញាប់រៀបការជាមួយ តែចុងក្រោយដាច់ផ្ងារ ព្រោះតាមពិតទៅជាមនុស្សស្រីប្តូរភេទសោះ។
ស្រ្តីរូបនេះ បានឱ្យដឹងថា កាលពី ឆ្នាំ ២០០០ កន្លងទៅ ខ្លួនត្រូវបានគេណែនាំឱ្យស្គាល់បុរសម្នាក់ ដែលកាលនោះបុរសរូបនេះ បានធ្វើដំណើរទៅតំបន់អ៊ឺរ៉ុប ធ្វើឱ្យការទាក់ទងគ្នា គឺត្រូវផ្ញើសារ និង ទូរស័ព្ទប៉ុណ្ណោះ។ ក្រោយមកបុរសរូបនេះ ក៏បានត្រឡប់មកឥណ្ឌូនេស៊ីវិញ ហើយក៏បានជួបមុខគ្នាផ្ទាល់ ខ្លួនក៏ពេញចិត្ត ព្រោះមើលទៅជាមនុស្សប្រុសសង្ហា ព្រមទាំងមានឋានៈក្នុងសង្គមគួរសម។
មិនយូរប៉ុន្មាន ខ្លួនក៏បានជួបគ្រួសាររបស់គេ ហើយក្រោយពីទាក់ទងគ្នាផ្លូវការបានតែ ៣ អាទិត្យ គេក៏បានប្រាប់ថាគ្រួសារចង់ឱ្យរៀបការ។ ពេលនោះ ស្រ្តីរូបនេះ ក៏បាននិយាយជាមួយគ្រួសារ ព្រមទាំងទទួលការអនុញ្ញាត ទើបសម្រេចចិត្តរៀបការតែម្តងទៅ។ ក្រោយពីរៀបការរួច ក៏បានទៅក្រេបទឹកឃ្មុំជាមួយគ្នានៅក្រៅប្រទេស តែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងនោះ ស្វាមី ដែលខ្លួនធ្លាប់តែគិតថាជាមនុស្សប្រុសរហូតមកនោះ តាមពិតគឺជាមនុសស្រី ដែលឆ្លងកាត់ការវះកាត់មកប៉ុណ្ណោះ។
ខ្លួនក៏ប្រញាប់សុំលែងលះ តែត្រូវគេគំរាមធ្វើបាបគ្រប់បែបយ៉ាង ខ្លួនក៏ទ្រាំរស់នៅ ចុងក្រោយស្រាប់តែលេចនារីម្នាក់ មកអះអាងថាជាភរិយារបស់គេ រួចក៏បាននាំគ្នារត់គេចទៅនៅជាមួយគ្នាបាត់ទៅ។ យ៉ាងណាមិញ នៅឆ្នាំ ២០០៣ ស្រ្តីរូបនេះ ក៏បានដាក់ពាក្យបណ្តឹង ដោយអះអាងថាខ្លួនត្រូវបានគេបោកប្រាស់ឱ្យរៀបការជាមួយ ដោយបានបិទបាំងភេទពិតប្រាកដ តែមកទល់ពេលនេះ នៅមិនទាន់បានយុត្តិធម៌នៅឡើយទេ៕