បុរសម្នាក់ជះលាមកទាំងកន្ថោរលើហាងគេ ប្រឡាក់អស់ទាំងភ្ញៀវ និង បុគ្គលិក ក្រោយខឹងថាគេរកស៊ីឮមាត់ឡូឡាពេក
រឿងរ៉ាវរបស់បុរសចិត្តសឿងម្នាក់ ដែលខឹងគេរកស៊ីឡូឡាពេក ដល់ថ្នាក់ចាក់លាមកទាំងកន្ថោរពីលើអគារទៅចំហាង បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ហួសចិត្តយ៉ាងខ្លាំង។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅតៃវ៉ាន់ តាំងពី ២ ឆ្នាំកន្លងទៅមកម្ល៉េះ ដោយព័ត៌មានបានឱ្យដឹងថា បុរសជាអ្នករស់នៅអគារជាន់ទី ៤ មួយកន្លែង បានចាក់លាមកមកចំហាងលក់ស៊ុបមួយនៅជាន់ក្រោម ធ្វើឱ្យប្រឡាក់ទាំងបុគ្គលិក និង ភ្ញៀវរបស់ហាងប្រហែល ៦ នាក់ ព្រោះខាងហាងមាត់ឮឡូឡាពេក។
ខាងម្ចាស់ហាងក៏បានដាក់ពាក្យបណ្តឹងដោយក្តីក្រោធខឹង ឯងបុរសរូបនោះបែរជាយកលេសថាខ្លួនគ្រាន់តែចាក់មកស្រោចផ្កា តែមិននឹកស្មានថាមកត្រូវមនុស្សក្នុងហាងបែបនេះឡើយ។ ជាមួយគ្នានោះថែមទាំងឆ្លៀតរអ៊ូទៀតថា ខាងហាងមាត់ឮឡូឡាណាស់ បញ្ចេញផ្សែងក៏ច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និង សណ្តាប់ធ្នាប់សាធារណៈ។
ឯអ្នកចាត់ការហាងបានឱ្យដឹងថា ទឹកដែលបុរសនេះជះមកពិតជាមានក្លិនស្អុយខ្លាំងណាស់ ក្លិនដូចជាលាមក ហើយមានពណ៌ដូចជាលាមកទៀត ទើបខ្លួនគិតថាប្រាកដជាលាមកមិនខាន។ ចុងក្រោយបុរសរូបនេះ ក៏ត្រូវបានគេពិន័យជាប្រាក់អស់ប្រហែល ៣០០ ដុល្លារ ក្នុងករណីមើលងាយទីសាធារណៈ និង បុគ្គលដទៃផងដែរ៕