ពាក់ថង់ដើរម៉ូដលើឆាកឡើងទំនង អ្នកចូលរួមនាំគ្នាថតព្រាត ចុងក្រោយដាច់ចង្កេះព្រោះជាជនបន្លំសោះ
រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ កំពុងផ្ទុះចែកចាយពាសពេញបណ្ដាញសង្គម ក្រោយជនក្លែងបន្លំម្នាក់ បានចូលក្នុងកម្មវិធីដើរម៉ូដ New York Fashion Week ឡើងដើរលើឆាក ប្រៀបដូចខ្លួនឯងជាម៉ូដែលអាជីព។
បើតាមរយៈវីដេអូដែលបានចែកចាយបានបង្ហាញឱ្យឃើញថា បុរសរូបនោះស្លៀកខោខ្លីពណ៌ផ្កាឈូក ជាមួយនឹងថង់សាច់ថ្លាពាក់ធ្វើជាអាវ អមមកជាមួយថង់ជ័រសម្រាប់ពាក់ពេលងូតទឹកនៅលើក្បាល ដើរលើឆាកដើរម៉ូដយ៉ាងជឿជាក់ ដែលធ្វើឱ្យអ្នកចូលរួមនៅទីនោះមិនមាននរណាម្នាក់ចាប់អារម្មណ៍នោះឡើយ ព្រោះស្មានថាជាម៉ូដែលពិតៗ រហូតពួកគេនាំគ្នាទាញទូរស័ព្ទយកមកថតទៀតផង។
យ៉ាងណាមិញ រឿងភ្ញាក់ផ្អើលក៏បានកើតឡើងនៅពេលដែលមួយសន្ទុះក្រោយមក ក៏លេចវត្តមានសន្តិសុខមួយរូបរត់សំដៅមកចាប់បុរសរូបនោះទាញចេញពីលើឆាក ធ្វើឱ្យគ្រប់គ្នាស្រឡាំងកាំងជាខ្លាំង៕