បុរសវ័យ ៨០ ឆ្នាំម្នាក់ មិនដែលដេកសោះអស់ពេលជាង ៦០ ឆ្នាំ គ្រូពេទ្យគាំងតម្រិះរកមូលហេតុមិនឃើញ
លោកតាវ័យ ៨០ ឆ្នាំម្នាក់នៅវៀតណាម ត្រូវបានឱ្យដឹងថា មិនបានដេកទាល់តែសោះអស់រយៈពេល ៦១ ឆ្នាំ ទោះរកគ្រូពេទ្យឱ្យជួយ ក៏គ្រូពេទ្យរកមូលហេតុមិនឃើញ។
តាមព័ត៌មាន Ladbible បានឱ្យដឹងថា ករណីដ៏កម្ររបស់លោកតាខាងលើ កើតមានឡើងនាពាក់កណ្ដាលនៃសង្គ្រាមនៅវៀតណាម ចាប់ពីឆ្នាំ ១៩៥៥ ដល់ ១៩៧៥។ ដំបូងឡើយ លោកតា គឹអាចគេងលង់លក់ធម្មតាដូចគេឯងទូទៅ ប៉ុន្តែថ្ងៃមួយក្នុងឆ្នាំ ១៩៦២ លោកតាក៏ចាប់ផ្ដើមលែងគេងតែម្ដង។
ថ្លែងប្រាប់ក្នុងកិច្ចសម្ភាសជាមួយ Youtuber ម្នាក់ឈ្មោះ Drew Binsky លោកតា បានរៀបរាប់ពីស្ថានភាពខុសប្រក្រតីរបស់គាត់ថា គាត់ក៏មិនដឹងមូលហេតុនោះដែរ ថាហេតុអ្វីបានជាគាត់មិនងងុយ និង មិនគេងបែបនេះសោះឡើយ។ ជាមួយគ្នានោះដែរ បើតាមសម្ដី លោក Binsky បាននិយាយដែរថា៖ «ខ្ញុំបានធ្វើដំណើរ ២ ថ្ងៃពី Arizona ទៅកាន់ភូមិតូចមួយនៅភាគខាងត្បូងប្រទេសវៀតណាម ដើម្បីតាមដានគាត់។ ខ្ញុំមិនដេកពេញមួយយប់ជាមួយគាត់ ហើយក៏ឃើញយ៉ាងច្បាស់ថា គាត់ពិតជាមិនគេងពិតមែន»។
តាមឱ្យដឹង លោកតា បានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ និង ទទួលបានការបកស្រាយពីខាងពេទ្យចំពោះបញ្ហាមិនដេករបស់គាត់ ក៏ប៉ុន្តែ ក្រុមគ្រូពេទ្យ គឺនៅតែទាល់តម្រិះ មិនអាចបកស្រាយពីមូលហេតុនៃបញ្ហាសុខភាពដ៏កម្ររបស់លោកតានោះឡើយ។ មកទល់ពេលនេះ វិធីសាស្ត្រតែមួយរបស់លោកតាក្នុងការសម្រាកខួរក្បាល គឺនៅពេលដែលគាត់ញ៉ាំស្រាអង្កបានគ្រប់គ្រាន់ ដូចនេះគាត់អាចសម្រាកខួរក្បាលបានប្រមាណជា ១ ទៅ ២ ម៉ោងដែរ។ ជាប្រចាំ គាត់ក៏ទម្រេតខ្លួន សម្រាកខ្លះដែរ ប៉ុន្តែភ្នែកគាត់កម្របិទណាស់៕