ចេះរកនឹកកន្លែងរកស៊ីឃើញ! បើកតូបលក់ចាប់ហួយនៅជាប់ជញ្ជាំងភ្នំ លក់ឱ្យអ្នកចូលចិត្តឡើងភ្នំ
តូបអាហារតូចមួយនៅប្រទេសចិន កំពុងផ្ទុះការចែកចាយពាសពេញបណ្ដាញសង្គម ដោយសារតែទីតាំងនៃតូបមួយនោះ គឺខុសប្លែកខ្លាំងពីតូបទូទៅដទៃ។
ឧទ្យានជាតិ Shiniuzhai National Geological Park នាខេត្ត Hunan ប្រទេសចិន មានតូបអាហារតូចធ្វើពីឈើមួយ ដែលទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង ដោយសារតែតូបមួយនោះ គឺសង់ឡើងជាប់នឹងជញ្ជាំងភ្នំដ៏ខ្ពស់ កម្ពស់ដល់ទៅ ១២០ ម៉ែត្រ មើលទៅគួរឱ្យស្រៀវបំផុត។
តាមព័ត៌មានបានឱ្យដឹងថា តូបអាហារមួយនោះ គឺមានដាក់លក់ជាទឹក ភេសជ្ជៈ រួមទាំងអាហារសម្រន់មួយចំនួន សម្រាប់អ្នកដែលចូលចិត្តឡើងភ្នំនៅទីនោះ។ ជាមួយគ្នានេះដែរ រាល់ទំនិញដែលដាក់លក់ក្នុងតូបនោះ គឺសុទ្ធតែមានអ្នកជំនាញខាងឡើងជញ្ជាំងភ្នំ ជញ្ជូនតាមខ្សែយ៉ាងមាំ យកស្តុកទុកមិនឱ្យខ្វះនោះឡើយ៕