(វីដេអូ) ឪអើយឪ! ឃើញគេផ្សាយលក់ធ្មេញតាមអនឡាញ លួចកុម្ម៉ង់ទិញពាក់ ពេលដឹកមកដល់កូនៗសើចផ្អើលផ្ទះ
ថ្មីៗនេះមានកូនប្រុសម្នាក់បានទម្លាយនូវរឿងរ៉ាវហួសចិត្តមួយរបស់ឪពុក ដែលចេះកុម្ម៉ង់ធ្មេញដាក់តាមអនឡាញដោយខ្លួនឯង តែយកមកដល់ជាធ្មេញជ័រដូចធ្មេញគេពាក់លេង ឃើញហើយអស់សំណើចជាចខ្លាំង។
រឿងរ៉ាវមួយនេះ ត្រូវបានគេចែកចាយក្នុងបណ្តាញ TikTok នៅថៃ ដោយកូនប្រុសបានឱ្យដឹងថា មានថ្ងៃមួយឪពុករបស់ខ្លួនកំពុងតែមើល Youtube ស្រាប់តែមើលសុខៗក៏ឃើញគេផ្សាយពាណិជ្ជកម្មធ្មេញដាក់ ទិញមួយថែមមួយ តម្លៃ ៦៥០ បាត ដែលស្មើប្រមាណជាង ១៨ ដុល្លារ។
ឪពុកក៏កុម្ម៉ង់ទិញ ព្រោះតែមើលតាមពាណិជ្ជកម្មទៅទំនងជាល្អប្រើការបាន តម្លៃថោក ហើយថែមទាំងទិញមួយថែមមួយទៀត។ យ៉ាងណាមិញ ខណៈមកដល់គឺខុសស្រឡះពីការស្មាន ព្រោះធ្មេញដែលយកមកមើលទៅជាធ្មេញជ័រសម្រាប់ក្មេងលេង ដាក់យ៉ាងណាក៏មិនចូលមាត់ ពណ៌ឱ្យសស្គុស ពេលឪពុកពាក់ឱ្យមើលហើយកូនប្រុសពិតជាមិនដឹងត្រូវអាណិតឪ ឬសើចឱ្យចំនោះទេ។ ដោយឡែក ចុងក្រោយកូនប្រុសរូបនេះ ក៏ឆ្លៀតប្រាប់ទៀតថា កុំបណ្តោយឱ្យមនុស្សចាស់មើលច្រើនពេក ព្រោះអាចត្រូវគេបោកដូចជាឪពុកខ្លួននេះឯង៕