ចូលទៅលួចកង់ ដល់ឃើញឆ្កែឃ្យូតពេក ក៏ផ្អាកលួចទៅអង្គុយលេងជាមួយឆ្កែម្ចាស់ផ្ទះឡើងអស់ចិត្ត
ថ្មីៗនេះ មានរឿងរ៉ាវលោកចោរស្រឡាញ់សត្វម្នាក់ ដែលបានផ្អាកសកម្មភាពលួចរបស់ខ្លួនសិន ចូលមកអង្គុយលេងជាមួយឆ្កែម្ចាស់ផ្ទះ ដែលជាប្រភេទ Golden Retriever មុនធ្វើការលួចកង់អគ្គិសនីតម្លៃ ១ ៣០០ ដុល្លារ ទៅបាត់។
បើតាមវីដេអូស្តែងៗថតដោយកាមេរ៉ាសុវត្ថិភាព ដែលបញ្ចេញដោយប៉ូលិសនៅ San Diego បានបង្ហាញឱ្យឃើញថា ចោរជើងល្អរូបនោះ បានដើរចូលការ៉ាស់របស់ម្ចាស់ផ្ទះ ហើយក៏ចាប់ផ្ដើមអូសកង់អគ្គិសនីនោះចេញ។
រៀបនឹងទៅហើយនោះ ស្រាប់តែឆ្កែ golden retriever មួយក្បាល មាឌម៉ាប់ៗគួរឱ្យស្រឡាញ់ ចេញមក ដើរបក់កន្ទុយរកចោររូបនោះ។ ដោយឃើញសត្វឆ្កែនោះវាឃ្យូតពេក ចោរទ្រាំមិនបាន ក៏ទាញកង់យកមកទុកក្នុងវិញសិន ហើយមកអង្គុយអង្អែលលេងឆ្កែមួយសន្ទុះ មុនទាញកង់បណ្ដើរចេញទៅ។
រឿងហេតុមួយនេះដែរ ពិតជាធ្វើឱ្យមហាជនជាច្រើនហួសចិត្តផង សោកស្ដាយចំពោះម្ចាស់កង់ផង តែប៉ូលិសក៏នៅតែស្វះស្វែងរកចោរតាមភិនភាគដែលមាន ដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់៕